ឯកសារសម្ងាត់ចំនួនប្រាំទំព័របន្ថែមទៀត ត្រូវបានរកឃើញនៅផ្ទះរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ក្នុងរដ្ឋ Delaware។
សេតវិមានបានកត់សម្គាល់អំពីការរកឃើញនេះ ក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យទី១៥ខែមករា។
ការរកឃើញបន្ថែមនេះ បានកើតឡើងបន្ទាប់ពីក្រសួងយុត្តិធម៌អាមេរិក តែងតាំងរដ្ឋអាជ្ញាពិសេស ដើម្បីស៊ើបអង្កេតការកាន់កាប់ឯកសារសម្ងាត់របស់លោក បៃដិន ដោយផ្អែកលើការរកឃើញឯកសារបែបនេះពីមុននៅផ្ទះ និងការិយាល័យឯកជនរបស់គាត់។
ឯកសារសម្ងាត់ទាំងនេះ គឺបន្សល់ទុកតាំងពីពេលដែលលោក បៃដិន កាន់តំណែងជាអនុប្រធានាធិបតី ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា មកម្ល៉េះ។
សេតវិមាន និយាយ ថា ឯកសារ ទាំង អស់ ត្រូវ បាន ប្រគល់ ទៅឲ្យ ក្រសួង យុត្តិធម៌រួចទៅ ហើយ។
ឯកសារសម្ងាត់បែបនេះ ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងខែវិច្ឆិកាឆ្នាំមុន មុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិ។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋបាលលោក បៃដិន មិនបានធ្វើអត្ថាធិប្បាយលើបញ្ហានេះភ្លាមៗទេ។ អ្នកនាំពាក្យសេតវិមាន Karine Jean-Pierre បាននិយាយថា រដ្ឋបាលនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយការស៊ើបអង្កេត៕


ប្រភព Aljazeera ប្រែសម្រួលដោយគីរីដងរែក




