រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ិកស៊ិកលោក Luis Cresencio Sandoval បាននិយាយកាលពីថ្ងៃសុក្រថា សមាជិកក្រុមជួញដូរគ្រឿងញៀនចំនួន ១៩ នាក់ និងយោធាចំនួន ១០ នាក់ សរុប ២៩ នាក់ត្រូវបានសម្លាប់នៅក្នុងរលកនៃអំពើហិង្សាជុំវិញការចាប់ខ្លួនមេក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិកលោក Ovidio Guzman នៅភាគខាងជើងរដ្ឋ Sinaloa ។
លោករដ្ឋមន្ត្រីបាននិយាយថា កងកម្លាំងសន្តិសុខម៉ិកស៊ិកបានចាប់ខ្លួនលោក Guzman អាយុ ៣២ ឆ្នាំដែលជាកូនប្រុសស្តេចគ្រឿងញៀន Joaquin “El Chapo” Guzman កាលពីថ្ងៃព្រហស្បតិ៍ ហើយការចាប់ខ្លួននោះបានបង្កឲ្យមានភាពចលាចល និងការបាញ់ប្រហារជាច្រើនម៉ោងជាមួយសមាជិកក្រុមគ្រឿងញៀនមួយនេះ ។
ទន្ទឹមនោះ ការចាប់ខ្លួននេះក៏បានជំរុញឲ្យក្រុមជួញដូរគ្រឿងញៀន Sinaloa Cartel ដែលធ្លាប់ដឹកនាំដោយលោក El Chapo ខ្លួនឯងផ្ទាល់ បន្តឲ្យមានការផ្ទុះអាវុធ ដុតរថយន្ត បិទផ្លូវ និងបាញ់តទល់ជាមួយកងកម្លាំងសន្តិសុខនៅក្នុង និងជុំវិញទីក្រុង Culiacan រដ្ឋធានី Sinaloa ។
ជាចុងក្រោយ លោក Sandoval បានប្រាប់សន្និសីទសារព័ត៌មានមួយថា មនុស្ស ២១ នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ហើយមិនមានជនស៊ីវិលណាមួយស្លាប់ក្នុងហេតុការណ៍នេះឡើយ ខណៈរហូតមកដល់ពេលនេះ វត្តមានសន្តិសុខនៅតែមាននៅក្នុងរដ្ឋ Sinaloa ដើម្បីការពារសាធារណៈជន ជាពិសេសយោធាប្រមាណ ១,០០០ នាក់កំពុងដើរល្បាតនៅក្នុងតំបន់ ៕





ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក




