មេបញ្ជាការកំពូលរបស់ចក្រភពអង់គ្លេស បានប្រាប់កងទ័ពរបស់លោក ឲ្យត្រៀមប្រយុទ្ធ និងផ្តួលកងទ័ពរបស់លោក ពូទីន ក្នុងសង្រ្គាមដីគោកនៅអឺរ៉ុប ដែលនឹងក្លាយជាសង្គ្រាមលោកលើកទី៣។
លោកមេទ័ព Sir Patrick Sanders ដែលទទួលបន្ទុកជាមេបញ្ជាការទូទៅ នៃកងទ័ពអង់គ្លេស បានព្រមានទាហាន ក្នុងសប្តាហ៍នេះថា “យើងកំពុងស្ថិតនៅក្នុងជំនាន់ ដែលត្រូវតែរៀបចំកងទ័ពដើម្បីប្រយុទ្ធនៅអឺរ៉ុបម្តងទៀត នៅពេលការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បង្កធ្វើឲ្យរង្គោះរង្គើដល់ស្ថិរភាពពិភពលោក”។
នៅក្នុងសារយ៉ាងម៉ឺងម៉ាត់ទៅកាន់កងទ័ពអង់គ្លេស លោកបានសរសេរថា “ខ្ញុំជាអគ្គសេនាធិការដំបូងគេ ចាប់តាំងពីឆ្នាំ ១៩៤១មក ដែលគ្រប់គ្រងកងទ័ពនៅក្នុងស្រមោលនៃសង្រ្គាមដីគោកនៅអឺរ៉ុប ដែលពាក់ព័ន្ធនឹងមហាអំណាចទ្វីបមួយ។ ការគំរាមកំហែងយូរអង្វែងពីរុស្ស៊ីបង្ហាញថា យើងបានចូលយុគសម័យថ្មីនៃអសន្តិសុខហើយ”។
លោកមេទ័ព Sir Patrick Sandersលោកបន្តថា “វាជាកាតព្វកិច្ចសំខាន់របស់ខ្ញុំ ក្នុងការធ្វើឲ្យកងទ័ពរបស់យើងមានភាពខ្លាំងក្លា និងមានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន។ ឥឡូវនេះដល់ពេលហើយ ហើយយើងត្រូវចាប់យកឱកាស”។
ការអះអាងរបស់លោក កើតឡើងចំពេលលោក ពូទីន គំរាមកំហែងដល់ប្រទេសណាតូ ហើយសប្តាហ៍នេះ បានចំអកអតីតរដ្ឋសូវៀតនៅអឺរ៉ុបដោយប្រកាសថា “ពួកគេជាផ្នែកមួយនៃប្រទេសរុស្ស៊ីជាប្រវត្តិសាស្ត្រ”។
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីនលោកពូទីន បានធ្វើអត្ថាធិប្បាយជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយរបស់ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokaev ដែលបានប្រកាសថា គាត់មិនទទួលស្គាល់សាធារណរដ្ឋប្រជាមានិតដែលប្រកាសដោយខ្លួនឯងគឺ Donetsk និង Luhansk នៅភាគខាងកើតប្រទេសអ៊ុយក្រែន នោះទេ។
លោក Tokaev បានពណ៌នា សាធារណរដ្ឋ Donetsk និង សាធារណរដ្ឋ Luhansk ថាជា “ទឹកដីពាក់កណ្តាលរដ្ឋ”។ ប្រធានាធិបតី កាហ្សាក់ស្ថាន រូបនេះ និយាយថា “យើងមិនទទួលស្គាល់តៃវ៉ាន់កូសូវ៉ូអូសេទីខាងត្បូងឬអាប់ខាហ្សីទេ។ យើងអនុវត្តគោលការណ៍ នេះ ចំពោះ ដែនដីរដ្ឋមួយ គឺសាធារណរដ្ឋប្រជាជន Luhansk និងDonetsk”៕




ប្រភព RadioFreeEurope/RadioLiberty ប្រែសម្រួលដោយគីរីដងរែក