មេដឹកនាំអាហ្វ្រិកនៅថ្ងៃសុក្រសប្តាហ៍នេះ បានដាក់សម្ពាធលើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឱ្យបន្តផែនការសន្តិភាពដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែននិងបន្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន ។
ទោះបីជាពួកមេដឹកនាំអាហ្វ្រិកទាំងនេះមិនបានរិះគន់រុស្ស៊ីដោយផ្ទាល់ទៅលើការឈ្លានពានអ៊ុយក្រែនក៏ដោយ ក៏អន្តរាគមន៍របស់ពួកគេនៅថ្ងៃទីពីរ នៃកិច្ចប្រជុំកំពូលជាមួយ លោក ពូទីន នាថ្ងៃនេះ គឺជាការរំលឹកយ៉ាងច្បាស់ដល់លោក ពូទីន អំពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់ទ្វីបអាហ្វ្រិក ចំពោះផលប៉ះពាល់ នៃសង្រ្គាម ជាពិសេសលើតម្លៃស្បៀងអាហារ។
ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El-Sisi បានជំរុញឱ្យរុស្ស៊ីស្តារឡើងវិញ នូវកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលទីក្រុងម៉ូស្គូបដិសេធមិនបន្តវាកាលពីសប្តាហ៍មុន។ លោក Sisi បាននិយាយដូច្នេះថា «ចាំបាច់ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ» ដើម្បីធ្វើឱ្យរស់ឡើងវិញនៃកិច្ចព្រមព្រៀងនេះ។
ចាប់តាំងពីរុស្ស៊ីដកខ្លួនចេញពីកិច្ចព្រមព្រៀងមករុស្ស៊ីបានទម្លាក់គ្រាប់បែកម្តងហើយម្តងទៀតលើកំពង់ផែ និងឃ្លាំងគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ដែលបណ្តាលឱ្យអ៊ុយក្រែន និងលោកខាងលិចចោទប្រកាន់ថា រុស្ស៉ីបានប្រើប្រាស់ស្បៀងអាហារជាចំណាត់ខ្មាំងសង្គ្រាមខណៈដែលតម្លៃស្បៀងអាហារពិភពលោកបានកើនឡើងម្តងទៀត៕



ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក




