30.5 C
Phnom Penh
Wednesday, January 28, 2026
- Advertisement -spot_img

មេដឹកនាំសូវៀតចុងក្រោយបំផុត ទទួលមរណភាពក្នុងអាយុ ៩១ ឆ្នាំ

- Advertisement -spot_img

លោក Mikhail Gorbachev អតីតមេដឹកនាំសូវៀត ដែលនាំសង្រ្គាមត្រជាក់ឲ្យដល់ទីបញ្ចប់ដោយសន្តិភាព បានទទួលមរណភាពក្នុងអាយុ ៩១ ឆ្នាំ។

លោក Gorbachev ដែលចូលកាន់អំណាចក្នុងឆ្នាំ១៩៨៥ បានបង្ហាញមុខមាត់សហភាពសូវៀតទៅកាន់ពិភពលោក ហើយបានណែនាំនូវកំណែទម្រង់មួយចំនួនក្នុងសហភាពនេះ។ ប៉ុន្តែគាត់មិនអាចទប់ស្កាត់ការដួលរលំនៃសហភាពសូវៀត ពីការលេចឡើងនូវប្រទេសរុស្ស៊ីសម័យទំនើបបានទេ។ មន្ទីរពេទ្យប្រកាសថាគាត់មានជំងឺរ៉ាំរ៉ៃ និងធ្ងន់ធ្ងរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សុខភាពរបស់គាត់បានធ្លាក់ចុះ ខ្លាំងមែនទែន។

កាលពីខែមិថុនា ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានរាយការណ៍ថា គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដោយសារជំងឺក្រលៀន ថ្វីបើជាមូលហេតុនៃការស្លាប់របស់គាត់ មិនត្រូវបានប្រកាសក៏ដោយ។ លោក Gorbachev បានក្លាយជាអគ្គលេខាបក្សកុម្មុយនិស្តសូវៀត និងជាមេដឹកនាំប្រទេសនៅអាយុ៥៤ឆ្នាំ។

នៅពេលនោះ គាត់គឺជាសមាជិកក្មេងជាងគេនៃក្រុមប្រឹក្សាកាន់អំណាច ដែលគេស្គាល់ថាជាការិយាល័យនយោបាយ។ អ្នកស្នងតំណែងមុនរបស់គាត់គឺលោក Konstantin Chernenko បានទទួលមរណភាពក្នុងអាយុ ៧៣ ឆ្នាំបន្ទាប់ពីកាន់តំណែងបានជាងមួយឆ្នាំ។

នៅឆាកអន្តរជាតិ គាត់បានឈានដល់កិច្ចព្រមព្រៀងគ្រប់គ្រងអាវុធ ជាមួយសហរដ្ឋអាមេរិក ហើយបានបដិសេធធ្វើអន្តរាគមន៍ ពេលដែលប្រទេសនៅអឺរ៉ុបខាងកើត បានក្រោកឡើងប្រឆាំងនឹងមេដឹកនាំកុម្មុយនិស្តរបស់ពួកគេ។

លោក Gorbachev ចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធជាមួយប្រធានាធិបតីអាមេរិកលោក Ronald Reagan ក្នុងឆ្នាំ១៩៨៧
នៅលោកខាងលិច គាត់ត្រូវបានគេមើលឃើញថា ជាស្ថាបត្យករនៃកំណែទម្រង់ ដែលបានបង្កើតលក្ខខណ្ឌសម្រាប់ការបញ្ចប់សង្រ្គាមត្រជាក់ក្នុងឆ្នាំ១៩៩១ ដែលជាពេលវេលានៃភាពតានតឹងយ៉ាងជ្រាលជ្រៅរវាងសហភាពសូវៀត និងប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសផងដែរ។

គាត់បានទទួលពានរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ ១៩៩០ “សម្រាប់តួនាទីឈានមុខគេរបស់គាត់ ក្នុងការផ្លាស់ប្តូររ៉ាឌីកាល់នៅក្នុងទំនាក់ទំនងខាងកើត – ខាងលិច”។

ប៉ុន្តែនៅក្នុងប្រទេសរុស្ស៊ីសម័យថ្មីដែលបានលេចឡើងក្រោយឆ្នាំ១៩៩១ គាត់បានហាក់ដូចជាថមថយឥទ្ធិពល នៅក្នុងនយោបាយដែលផ្តោតលើគម្រោងអប់រំនិងមនុស្សធម៌។

លោក Gorbachev បានប៉ុនប៉ងវិលត្រលប់ទៅជីវិតនយោបាយវិញក្នុងឆ្នាំ១៩៩៦ ប៉ុន្តែទទួលបានសំឡេងគាំទ្រត្រឹមតែ ០,៥% ប៉ុណ្ណោះ នៅក្នុងការបោះឆ្នោតប្រធានាធិបតី។

គួរបញ្ជាក់ថា សពរបស់លោក Gorbachev នឹងត្រូវបញ្ចុះនៅទីបញ្ចុះសព Novodevichy ក្នុងទីក្រុងមូស្គូ នៅក្បែរភរិយារបស់គាត់ឈ្មោះ Raisa ដែលទទួលមរណភាពដោយសារជំងឺមហារីកឈាមក្នុងឆ្នាំ១៩៩៩៕

ប្រភព BBC News ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img