ថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក មឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ដឹកនាំមន្ត្រីឧទ្យានុរក្ស រដ្ឋបាលស្រុក ក្រុមការងារ WCS និងសហគមន៍ ចុះល្បាតនៅព្រៃសហគមន៍តំបន់ការពារធម្មជាតិត្មាប៉ើយ នៃដែនជម្រកសត្វព្រៃ គូលែន-ព្រហ្មទេព ស្រុកជាំក្សាន្ត និងនៅដែនជម្រកសត្វព្រៃ ឆែប-ព្រះរការ ស្រុកឆែប ខេត្តព្រះវុិហារ។ នៅក្នុងប្រតិបត្តិការចុះល្បាតរយ:ពេល៣ថ្ងៃ មានលទ្ធផលដូចខាងក្រោម÷
-ក្រុមការងារបានរកឃើញ និងឃ្លុំដីរងការទន្រ្ទាន នៅចំណុចស្រះព្រីង ដែលស្រះបុរាណ និងទីទួលប្រាសាទបុរាណ ដើម្បីមានចំណាត់ការតាមច្បាប់។
-បានរកឃើញគល់ឈើ៨គល់ដែលជនសង្ស័យបានលួចកាត់ ជ្រៀកដឹកចេញ ប្រហែលដើមឆ្នាំ២០២៦។ ក្រុមការងារបានដាក់ផែនការស្រាវជ្រាវរកមុខសញ្ញាដើម្បីអនុវត្តនីតិវិធីច្បាប់។
-បានដកហូតអន្ទាក់សត្វព្រៃ និងឧបករណ៍នេសាទខុសច្បាប់ចំនួន២ឈុត
-បានឃាត់គោយន្តដឹកឈើចំនួន២គ្រឿង ដឹកឈើប្រភេទឈើទាល និងស្រឡៅ សរុប ៧៥ សន្លឹក ជនសង្ស័យបានរត់គេចខ្លួន។ វត្ថុតាងត្រូវបាននាំយកទៅរក្សាទុកនៅស្នាក់ការដំរីបូត ដើម្បីមានចំំណាត់ការបន្ត។

ក្រៅពីនេះ ក្រុមការងារបានប្រទះឃើញ ស្នាមជើងដំរីមេ និងកូន ស្នាមជើងជ្រូកព្រៃ សតស្វាន និងរកឃើញប្រភេទសត្វស្លាបកម្រនៅចំណុចស្រះខ្នា នៃដែនជម្រកសត្វព្រៃ ឆែប-ព្រះរការ។ ចំណុចស្រះខ្នាគឺជាគោលដៅសំខាន់នៃការអភិរក្សសត្វព្រៃដូចជាដំរី ស្វាន ឈ្លូស ទន្សោង ជ្រូកព្រៃ និងសត្វស្លាបជាច្រើនប្រភេទ ព្រោះមានប្រភពទឹកដ៏សំខាន់។
តាមការសិក្សាស្រាវជ្រាវកន្លងមក នៅចំណុចស្រះខ្នា ក្រុមការងារស្រាវជ្រាវសត្វ អងការ WCS តាមរយ:កាម៉េរ៉ាត្រែប បានរកឃើញសត្វទន្សោងប្រហែល៣០ក្បាល ដំរីព្រៃចន្លោះពី១៥-ក្បាល ទៅ២០ក្បាល និងសត្វកម្រផ្សេងៗទៀត រកសុីចេញចូលក្នុងតំបន់នេះ។
តាមរយ:សកម្មភាពល្បាតនេះ មន្ទីរបរិស្ថានខេត្តព្រះវិហារ នៅតែបន្តការងារអនុវត្តច្បាប់ បង្រ្កាបបទល្មើសធនធានធម្មជាតិ និងការអភិរក្សសត្វព្រៃ ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយ។





ដោយគិរីដងរែក




