ប្រធានសមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញកម្ពុជាបានស្រង់តួលេខរបស់អ្នកជំនាញអង្គការអន្តជាតិពិភពលោកមកបង្ហាញ នៅក្នុងសិក្ខាសាលាកាលពីថ្ងៃសៅរ៍ ថាគិតត្រឹមឆ្នាំ ២០២១ មនុស្សជាង ៦ សែននាក់ នៅកម្ពុជាកំពុងរស់នៅជាមួយជំងឺទឹកនោម ផ្អែម និងប្រមាណ៦ សែននាក់ទៀត ក៏មានជំងឺនេះដែរ ដោយមិនទាន់បានធ្វើរោគវិនិច្ឆ័យ ដែលសរុបមានប្រមាណជាង១,២ លាននាក់ រស់នៅជាមួយជំងឺទឹកនោមផ្អែមន ក្នុងប្រទេសកម្ពុជា ។
សមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញកម្ពុជាសហការជាមួយការិយាល័យតំណាងក្រុមហ៊ុន ស៊ែវីយេ អន្តរជាតិបានរៀបចំសិក្ខាសាលា ស្តីពីការធ្វើបច្ចុប្បន្នភាពនៃការគ្រប់គ្រងអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ កាលពីថ្ងៃសៅរ៍នៅសណ្ឋាគារសូហ្វីតែលភ្នំពេញផូគីត្រា ដោយមានការចូលរួមពីក្រុមវេជ្ជបណ្ឌិត និងអ្នកជំនាញជាច្រើនរូប ។
លោកវេជ្ជបណ្ឌិត កុយ វ៉ាន់នី ប្រធានសមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញកម្ពុជាបានឱ្យដឹងថាគិតត្រឹមឆ្នាំ ២០២១ ទូទាំង សកលលោក អ្នករស់នៅជាមួយនឹងជំងឺទឹកនោមផ្អែមមានមិនតិចជាង៥៣០ លាននាក់នោះទេ ដែលនេះ ជាចំនួនយ៉ាងច្រើនហើយ ប្រសិនបើគិតទៅដល់ឆ្នាំ២០៤៥ នឹងមានអ្នកជំងឺទឹកនោមផ្អែមឡើង ដល់ជាង៧០០ លាននាក់ ។
លោកបាននិយាយថាចំណែកនៅកម្ពុជាប្រសិនបើបន្ថែមពីលើចំនួនអ្នក ដែលត្រៀមកើតជំងឺទឹកនោមផ្អែមប្រហែលជាកន្លះលាននាក់ ផង បើបូកសរុបទៅមានប្រហែលជិត២ លាននាក់ ។
លោកថ្លែងថា ៖ « អ្នកជំងឺទឹកនោមផ្អែមកម្ពុជាមួយចំនួនរស់នៅជាមួយជំងឺទឹកនោមផ្អែមដោយមិនបានដឹងខ្លួនមានជំងឺនេះទេ ។ ចំណែកអ្នកជំងឺខ្លះទៀតបានធ្វើរោគវិនិច្ឆ័យ ដឹងថាមានជំងឺនេះ និងទទួលការព្យាបាលប៉ុន្តែមិនអាចគ្រប់គ្រងជាតិស្ករបានល្អ នៅឡើយ និងប្រឈម នឹងផលវិបាកជាច្រើន » ។
លោកបន្តថា ៖ « បញ្ហា លើសជាតិស្ករនេះ អាចសម្លាប់មនុស្សបានយ៉ាងងាយជាពិសេសផ្តល់ឱ្យមនុស្សប្រឈមខ្លាំងជាមួយ នឹង ជំងឺ បេះដូង និងសរស សៃឈាមដែលធ្វើឱ្យប្រឈម នឹងការគាំងបេះដូង និងអាចប៉ះពាល់ ដល់អវៈយវៈរបស់មនុស្ស » ។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី ឯកទេសសុខភាពសាធារណៈ បាននិយាយថា ប្រជាជនកម្ពុជាជាច្រើនត្រូវបានរកឃើញមានកើតជំងឺ ទឹក នោមផ្អែម និងអ្នកត្រៀមមាន ទឹកនោមផ្អែម គឺដោយសារបញ្ហា នៃការរស់នៅទម្លាប់ការទទួលទានអាហារពោរពេញ ដោយខ្លាញ់ប្រៃ និងផ្អែមខ្លាំង ការទទួលទានបាយ ច្រើនជ្រុលការផឹកស្រា និងការមិនហាត់ប្រាណ ។ ទាំងនេះ គឺជាកត្តាជំរុញ ឱ្យមនុស្សកើតទឹកនោម ផ្អែម ។
លោកថ្លែងថា ៖ « កត្តាកើតទឹកនោមផ្អែមមានច្រើនហើយមនុស្សចាប់ពីវ័យជំទង់ និងមនុស្សចន្លោះពីអាយុ ៣៥ ទៅ ៤០ ឆ្នាំឡើង លើ ភាគច្រើនត្រូវបានធ្វើតេស្ដរកឃើញមានជំងឺ ទឹកនោមផ្អែម ។ បញ្ហាធំនៅស្រុកខ្មែរ គឺប្រជាជនខ្មែរឆ្លងចូលការកើតទឹកនោមផ្អែម ពុំ មានការត្រៀមបង្ការ ដើម្បីបញ្ចៀសការកើតមានជំងឺទឹកនោមផ្អែម » ។
ជាមួយនឹងគ្នានេះ លោកវេជ្ជបណ្ឌិត គួច ម៉េងលី ជំរុញឱ្យមានការយកចិត្តទុកដាក់លើបញ្ហា ដោយដាស់តឿនដល់ស្មារតីរបស់វេជ្ជបណ្ឌិត ជំនាញ និងប្រជាជនទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺទឹកនោមផ្អែមជាពិសេសត្រូវបានការបង្រៀន និងណែនាំពួកគេ ពី របៀបនៃការទទួលទានអាហារ ត្រូវធ្វើលំហាត់ប្រាណកាត់បន្ថយការផឹកស្រា និងកាត់បន្ថយអាហារផ្អែម និងប្រៃជាដើម ។
លោកថាប្រសិន បើគ្មានការអប់រំ និងណែនាំចំពោះបញ្ហាទាំងអស់នេះ ប្រជាជនចៀសមិនផុតពីការកើតមានជំងឺទឹកនោមផ្អែមឡើយ ព្រោះវាជាហានិភ័យ ដែលគួរឱ្យព្រួយបារម្ភ ហើយប្រជាជន នឹងខាតបង់ថវិកាច្រើនលើការព្យាបាលនៅពេលដែលពួកគាត់កើតជំងឺនេះ ។
លោក វេជ្ជបណ្ឌិត គួច ម៉េងលី បន្តថា ៖ «អ្នកមានជំងឺទឹកនោមផ្អែម ដែលភាគច្រើនត្រូវ បានគេសង្កេតឃើញពួកគេបានស្លាប់ដោយសារការគាំងបេះដូងហើយចុងក្រោយគឺការក្រិនថ្លើម។ ហានិភ័យមួយទៀតដែលអ្នកជំងឺទឹកនោមផ្អែមកំពុង ប្រឈមមុខគឺការទទួលទានថ្នាំព្យាបាលមិនគ្រប់តាមចំនួនកំណត់ ។ បញ្ហានេះបានជំរុញឱ្យប៉ះពាល់សរសៃវិញ្ញាណរហូត ធ្វើឱ្យខូចសរសៃជើង និងបន្ទាប់មកអាចបង្កទៅជាដំបៅដែលតម្រូវឱ្យកាត់ជើងនោះចោល»៕






ដោយគីរីដងរែក