យោងតាមក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ទាហានស៊ីឈ្នួលចំនួន ៦,៩៥៦ នាក់បានមកដល់ប្រទេសអ៊ុយក្រែន និង ១,៩៥៦ នាក់បានស្លាប់នៅក្នុងការប្រយុទ្ធគ្នា ខណៈ ១,៧៧៩ បានចាកចេញពីអ៊ុយក្រែន ចាប់តាំងពីផ្ទុះសង្គ្រាមលុកលុយលើទីក្រុងកៀវកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ។
ទន្ទឹមនោះអ្នកនាំពាក្យក្រសួងការពារជាតិលោក Igor Konashenkov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងមូស្គូថា គិតត្រឹមថ្ងៃអាទិត្យ យុទ្ធជនយ៉ាងតិច ៣,២២១ នាក់ កំពុងប្រយុទ្ធគ្នាខាងភាគីអ៊ុយក្រែន ។
លោក Konashenkov បញ្ជាក់ថា “ប៉ូឡូញមានចំនួនទាហានស៊ីឈ្នួលច្រើនជាងគេក្នុងចំណោមបណ្តាប្រទេសអឺរ៉ុប ។ យុទ្ធជនប៉ូឡូញចំនួន ១,៨៣១ នាក់បានមកដល់ប្រទេសអ៊ុយក្រែន ហើយ ៣៧៨ នាក់ក្នុងចំណោមពួកគេបានបាត់បង់ជីវិត ខណៈ ២៧២ នាក់បានត្រឡប់ទៅផ្ទះវិញ ។
ចំណែកប្រទេសកាណាដាគឺជាអ្នកផ្គត់ផ្គង់ដ៏សំខាន់នៃទាហានស៊ីឈ្នួលទី ២ មកពីទ្វីបអាមេរិក ខណៈដែលពលរដ្ឋរបស់ខ្លួនចំនួន ៦០១ នាក់បានចូលអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈមក ហើយ ១៦២ នាក់បានស្លាប់ និង ១៦៩ នាក់បានចាកចេញពីប្រទេសអ៊ុយក្រែន ។ រីឯសហរដ្ឋអាមេរិកគឺជាប្រទេសទី ៣ មានទាហានស៊ីឈ្នួលនៅអ៊ុយក្រែនចំនួន ៥៣០ ខណៈ ២១៤ នាក់បានស្លាប់ និង ២២៧ បានចាកចេញពីអ៊ុយក្រែន ។
ដោយឡែករូម៉ានីគឺជាប្រទេសទី ៤ មានទាហានស៊ីឈ្នួលចូលរួមជាមួយកងទ័ពអ៊ុយក្រែនចំនួន ៥០៤ នាក់ហើយ ១០២ នាក់បានស្លាប់ និង ៩៨ នាក់បានចាកចេញពីអ៊ុយក្រែន ។ បន្ទាប់មកគឺចក្រភពអង់គ្លេសមាន ទាហានស៊ីឈ្នួល ចំនួន ៤២២ នាក់ បានមកដល់អ៊ុយក្រែនដោយ ១០១ នាក់ បានស្លាប់ និង៩៥ នាក់ បានចាកចេញពី អ៊ុយក្រែន ។
ស្របពេលជាមួយគ្នានេះ ទាហានស៊ីឈ្នួលមកពីមជ្ឈឹមបូព៌ា និងតំបន់ Caucasus នៃទ្វីបអាស៊ីជាង ៥០០ នាក់ក៏បានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែនផងដែរ ហើយក្នុងនោះ ២០០ នាក់បានស្លាប់ ៕




ប្រភព AA news ប្រែសម្រួលដោយគីរីដងរែក