ខេត្តកណ្តាល ៖ លោក ប៊ុន កែវឡុង និងប្រជាពលរដ្ឋចំនួន ១១គ្រួសារផ្សេងទៀត ដែលអះអាងថាពួកគាត់គឺជាជនរងគ្រោះនៃអំពើរំលោភយកដីធ្លីចំនួនជាង ២០ហិកតាស្ថិតនៅក្នុងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកកំពូល ខេត្តកណ្ដាល ទទូចឱ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី ដោះស្រាយបញ្ហារបស់ពួកគាត់ឱ្យបានឆាប់។
ការស្នើសុំកិច្ចអន្តរាគមន៍បែបនេះ បានធ្វើឡើងបន្ទាប់ពីពលរដ្ឋរងគ្រោះជាង១០គ្រួសារ កាលពីអំឡុងខែកមរា ឆ្នាំ២០២៤កន្លងទៅ បានដាក់បណ្ដឹងចូលទៅលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីឱ្យជួយរកយុត្តិធម៌ ករណីមានការគប់គិតគ្នាជាប្រព័ន្ធពីសំណាក់លោក សុក កាន់ណារិទ្ធិ ប្រធានមន្ទីរសុរិយោដីខេត្តកណ្ដាល និងលោកស្រី មាន សុទ្ធី ភូមិបាលស្រុកមុខកំពូល លួចធ្វើប្លង់រឹងឱ្យលោកឧកញ៉ាផ្កាយ២ ភឺន ផល្លា ដើម្បីយកទៅលក់ឱ្យឈ្មោះ ជា ស៊ីណា ចំនួន ៨០ហិកតា និងឈ្មោះ ហៀ ហ៊ីន ចំនួន ១០ហិកតា ដោយគ្រប់លើដីរបស់ពួកគាត់ប្រមាណជាជាង ២០ហិកតា ដែលបានចុះបញ្ជីធ្វើប្លង់រឹងជាប្រព័ន្ធ និងមានបង្កាន់ដៃរួចទៅហើយ។

ករណីលោកឧត្តមសេនីយ៍ទោ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ លក់ដីឱ្យឈ្មោះ ជា សុីណា ដែលស្ថិតនៅភូមិអន្លង់ស្នែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ដែលមានទំហំ ៨០ហិកតា មានយាមការ ជាប់ព្រំដី ឈ្មោះ ប៊ុន កែវឡុង ជាអំពើពុករលួយ ឃុបឃិតគ្នាជាលក្ខណះប្រព័ន្ធ គ្មានភាពប្រក្រតី ផ្ទុយពីលិខិតក្រសួងរៀបចំ ដែនដីនគរូបនីកម្ម និងសំណង់ សូមប្រគល់ករណីវិវាទនេះជូនរដ្ឋបាលខេត្តកណ្តាល ពិនិត្យដោះស្រាយ។

ប្រជាពលរដ្ឋរងគ្រោះ បានលើកឡើងថា កន្លងទៅលោក ឧកញ៉ាផ្កាយ២ ភឺន ផល្លា ធ្លាប់បានយកដីនៅក្បែរទីតាំងរបស់ពួកគាត់ទៅលក់ឱ្យអ្នកផ្សេង ដល់ពេលធ្វើប្លង់រឹងឱ្យឈ្មោះ ជា ស៊ីណា និងឈ្មោះ ហៀ ហ៊ីន អត់មានដីឱ្យគេ បែរជាទៅធ្វើប្លង់គ្របលើដីរបស់ពួកគាត់យកស្រស់ៗតែម្ដង់។ ពលរដ្ឋរងគ្រោះ អះអាងថា ការលួចចេញប្លង់រឹងឱ្យលោកផ្កាយ២ ភឺន ផល្លា យកដីទៅលក់ឱ្យឈ្មោះ ជា ស៊ីណា និងឈ្មោះ ហៀ ហ៊ីន គ្របលើដីរបស់ពួកគាត់ ជាឆាកល្ងោនដែលរៀបចំ និងមានតួអង្គសម្តែងប្រទាក់ក្រឡាគ្នារាប់ចាប់តាំង លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល ក្នុងការដាក់គំនាបទៅមន្ត្រីថ្នាក់ក្រោមឱ្យចុះហត្ថលេខាលើឯកសាររបស់លោក ភឺន ផល្លា ទាំងដែលមន្ត្រីថ្នាក់ក្រោមមួយចំនួនអះអាងថា ពួកគាត់ធ្វើតាមតែបញ្ជាពីលើ ដោយមិនបានចុះទៅវាស់វែងផ្ទាល់នៅទីតាំងដីទេ គឺអ្វីៗសុទ្ធតែរៀបចំពីលើមេឃមកតែម្ដង។

ជុំវិញករណីនេះ លោកស្រី មាន សុទ្ធី ប្រធានការិយាល័យភូមិបាលស្រុកមុខកំពូល ធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា លោកស្រីមិនដែលបានចូលរួមវាស់វែងទីតាំងដីដែលឈ្មោះ ជា ស៊ីណា និងឈ្មោះ ហៀ ហ៊ីន ដែលទិញពីលោក ភឺន ផល្លា និងបានសុំចុះបញ្ជីធ្វើប្លង់រឹងនោះទេ ពោលគឺលោកស្រីចុះហត្ថលេខានៅការិយាល័យតាមតែការណែនាំរបស់ថ្នាក់លើ និងធ្វើតាម ស.ជ.ណ របស់សាលាខេត្តកណ្ដាល ហើយឯកសារផ្សេងៗគឺគេធ្វើពីលើមកតែម្ដង។ លោកស្រី មាន សុទ្ធី បញ្ជាក់ថា ឈ្មោះ ប៊ុន កែវឡុង ពិតជាបានដាក់បណ្ដឹងទប់ស្កាត់ជំទាស់នឹងការចុះបញ្ជីធ្វើប្លង់រឹងរបស់ឈ្មោះ ជា ស៊ីណា និងឈ្មោះ ហៀ ហ៊ីន ប្រាកដមែន។ លោកស្រី ក៏បានធ្វើរបាយការណ៍ជូនថ្នាក់លើផងដែរថា ករណីនេះមានបណ្ដឹងទប់ស្កាត់ និងតវ៉ាចំនួន ៥បណ្ដឹង ប៉ុន្តែសេចក្ដីសម្រេចចេញប្លង់រឹងជូនឈ្មោះ ជា ស៊ីណា និងឈ្មោះ ហៀ ហ៊ីន គឺជាសិទ្ធិរបស់ថ្នាក់លើ។

ដោយឡែកលោក ខៀវ រ៉េន មេឃុំសំបួរមាស បានធ្លាប់បានអះអាងដែរថា លោកបានចុះហត្ថលេខាលើឯកសាររបស់លោកស្រី ជា ស៊ីណា និងឈ្មោះ ហៀ ហ៊ីន ពិតមែន ដោយលោកធ្វើទៅតាម ស.ជ.ណ របស់សាលាខេត្តកណ្ដាល ចំណែកការចុះវាស់វែងជាក់ស្ដែងលើទីតាំងដីរបស់ឈ្មោះ ជា ស៊ីណា និងឈ្មោះ ហៀ ហ៊ីន លោកមិនបានចូលរួមទៅវាស់វែងនោះទេ គឺខាងមន្ត្រីជំនាញសុរិយោដី និងថ្នាក់លើៗ គឺជាអ្នករៀបចំឯកសារទាំងអស់ ពោលគឺលោកចាំតែចុះហត្ថលេខាលើឯកសារនៅសាលាឃុំតែប៉ុណ្ណោះ។
លោកមេឃុំសំបួរមាស ទទួលស្គាល់ថា នៅក្នុងអំឡុងពេលដែលឈ្មោះ ជា ស៊ីណា និងឈ្មោះ ហៀ ហ៊ីន ដាក់ពាក្យសុំធ្វើប្លង់រឹងនោះ គឺមានឈ្មោះ ប៊ុន កែវឡុង បានដាក់ពាក្យប្ដឹងជំទាស់ ហើយលោកក៏បានជម្រាបជូនទៅមន្ត្រីជំនាញតាមនីតិវិធីផងដែរ។
លោក ខៀវ រ៉េន បញ្ជាក់ថា លោក ប៊ុន កែវឡុង ពិតជាធ្លាប់បាន ចូលរួមធ្វើប្លង់ដីជាប្រព័ន្ធតាមនីតិវិធី និងទទួលបានបង្កាន់ដៃដីដែលមានទីតាំងស្ថិតនៅភូមិអន្លង់ស្លែង ប្រាកដមែន។
ដោយឡែក លោកស្រី ជិន សំអាត ប្រធានភូមិអន្លង់ស្លែង បញ្ជាក់ថា លោកស្រីមិនបានចូលរួមវាស់វែងទីតាំងដីរបស់ឈ្មោះ ជា ស៊ីណា និងឈ្មោះ ហៀ ហ៊ីន ដែលទិញពីឈ្មោះ ភឺន ផល្លា នោះទេ ចំពោះឯកសារដែលតម្រូវឱ្យលោកស្រីចុះហត្ថលេខា គឺលោកស្រីធ្វើតាមតែការណែនាំរបស់ថ្នាក់លើ និង ស.ជ.ណ របស់សាលាខេត្តកណ្ដាល។ ចំពោះទីតាំងដីរបស់ឈ្មោះ ប៊ុន កែវឡុង លោកស្រី ជិន សំអាត បញ្ជាក់ថា លោកស្រីស្គាល់ទីតាំង និងធ្លាប់បានដឹងលឺ និងចាត់ឱ្យតំណាងចូលរួមជាមួយមន្ត្រីឃុំ និងមន្ត្រីជំនាញសុរិយោដីស្រុកដើម្បីចុះទៅវាស់វែងធ្វើប្លង់បង់ពន្ធប្រថាប់ត្រា និងចុះបញ្ជីជាប្រព័ន្ធតាមនីតិវិធី។
ចំពោះបញ្ហានេះលោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានបញ្ជាក់ថា ៖ គេត្រូវមើលពីនីតិវិធី នៃការចុះបញ្ជីដី ចុះបញ្ជីដីជាប្រព័ន្ធក៏ដោយ ចុះបញ្ជីដីដាច់ដោយដុំក៏ដោយ នៅពេលណាគេចុះបញ្ជីដីនឹង គេតែងអនុវត្តនីតិវិធី តាំងពីថ្នាក់មេភូមិបញ្ជាក់ប្រវត្តិដីហូរហែរមក រហូតដល់បិទផ្សាយសាធារណៈ ក្នុងបិទផ្សាយសាធារណៈ មានបណ្តឹងមក មានក្រុមការងារត្រួតពិនិត្យពាក្យបណ្តឹងនឹង! បើពាក្យបណ្តឹងនឹង អ្នកប្តឹងមិនមានមូលដ្ឋានផ្លូវច្បាប់ គ្មានឯកសារយកមកសំអាង ឬឯកសារនោះមិនត្រឹមត្រូវ គេបដិសេធ ….! ៕













ដោយគិរីដងរែក




