28.2 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

ផ្ទះ២ខ្នងនៅក្បែរស្តុបចំការមន ត្រូវអគ្គិភ័យឆាបឆេះខ្ទេចទាំងស្រុង

- Advertisement -spot_img

ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋដែលដាក់លក់គ្រឿងសង្ហារឹមចំនួនពីរខ្នងខ្ទេចទាំងស្រុង ដោយបង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញបង្ការពន្លត់អគ្គិភ័យជាច្រេីនចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង១១ និង៤០នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២ ស្ថិតក្បែរស្តុបចំការមន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនកេីតហេតុ គេឃេីញមានផ្សេងហុយចេញពីខាងក្នុងផ្ទះលក់គ្រឿងសង្ហារឹម ខាងលេី ភ្លាមៗក៏កេីតចេញជាអណ្ដាតភ្លេីងឆាបឆេះយ៉ាងឆាប់រហ័ស ទេីបបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីជំនាញឱ្យចេញរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍បាញ់ទឹកពន្លត់ ។

មន្ត្រីការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងភ្លាម កម្លាំងជាច្រេីនបានចេញរថយន្តបង្ការ និងសង្គ្រោះអគ្គិភ័យជាច្រេីនគ្រឿងមកអន្តរាគមន៍បាញ់ទឹកពន្លត់យ៉ាងញាប់ដៃជេីង និងប្រេីរយៈពេលជាង ១ម៉ោងក៏រលត់ទៅវិញជាស្ថាពរ ដោយមិនរាលដាលឆេះដល់ផ្ទះឬទីតាំងផ្សេងទៀតឡើយ ។

ក្នុងករណីអគ្គិភ័យខាងលេីបានបំផ្លាញផ្ទះប្រជាពលរដ្ឋ ចំនួនពីរខ្នងទាំងស្រុង ដែលផ្ទះទាំងពីរខ្នងនេះបានដាក់ប្រកបអាជីវកម្មលក់គ្រឿងសង្ហារឹម និងសម្ភារផ្សេងៗ ដែលធ្វើឈើផ្តៅ និងឬស្សី ។ ចំពោះមូលហេតុនៃការឆាបឆេះនេះ នៅមិនទាន់ដឹងនៅឡើយទេ ខណៈសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ប៉ុន្តែក្នុងហេតុការណ៍នេះមិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសនោះទេ ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img