ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងចំនួន ៦ របស់អាល្លឺម៉ង់ ក្រោមបាវចនាថា “រួមគ្នាឆ្លងកាត់វិបត្តិ ធានាសន្តិសុខសង្គម និងបញ្ចប់ការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល” ដោយទាមទារឲ្យមានយុត្តិធម៌សង្គម និងនិរន្តរភាពបន្ថែមទៀត នៅពេលដែលអតិផរណា និងតម្លៃឧស្ម័ននៅក្នុងប្រទេសចាប់ផ្តើមឡើងកប់ក្ដោង ។
ក្រុមអ្នកតវ៉ាបានដើរក្បួនតាមដងផ្លូវក្នុងប្រទេស អំពាវនាវឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ធ្វើអ្វីគ្រប់យ៉ាងដើម្បីការពារអ្នកដែលមានប្រាក់ចំណូលទាប និងមធ្យម ចំពេលមានវិបត្តិថាមពលកើនឡើងនេះ ជាពិសេសបានអំពាវនាវឲ្យមានការលុបបំបាត់ឥន្ធនៈហ្វូស៊ីល និងថាមពលនុយក្លេអ៊ែរ ក៏ដូចជាការកាត់បន្ថយថ្លៃអគ្គិសនីជាដើម ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ សភារបស់ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃសុក្របានអនុម័តកញ្ចប់សង្គ្រោះចំនួន ២០០ ពាន់លានអឺរ៉ូ (១៩៥ ពាន់លានដុល្លារ) របស់រដ្ឋាភិបាល ក្នុងគោលបំណងការពារក្រុមហ៊ុន និងគ្រួសារពីផលប៉ះពាល់នៃការកើនឡើងតម្លៃថាមពល ។
ដោយឡែកអង្គការ Greenpeace នៅអាល្លឺម៉ង់បានប៉ាន់ប្រមាណថា មានអ្នកចូលរួមសរុបប្រហែល ២៤,០០០ នាក់រួមទាំងប្រហែល ៦,០០០ នៅទីក្រុង Berlin, ៥,០០០ នាក់នៅទីក្រុង Dusseldorf និង Frankfurt និង ៤,០០០ នៅទីក្រុង Stuttgart ខណៈការតវ៉ាក៏បានកើតឡើងផងដែរនៅក្នុងទីក្រុង Hanover និង Dresden ។
គួរបញ្ជាក់ថា បណ្ដាប្រទេសមួយចំនួននៅអឺរ៉ុបក៏កំពុងផ្ទុះការតវ៉ាស្រដៀងៗគ្នានេះ ពាក់ព័ន្ធនឹងអតិផរណា ក៏ដូចជា តម្លៃថាមពលកើនឡើង ដោយសារតែការរឹតត្បិត និងការដាក់ទណ្ឌកម្មទ្រង់ទ្រាយធំលើប្រទេសរុស្ស៊ីចំពោះសង្គ្រាមលុកលុយនៅប្រទេសអ៊ុយក្រែន ៕






ប្រែសម្រួលដោយគីរីដងរែក




