(ក្រុងឡុងដ៍)៖ ប្រេងនៅតែមានតម្លៃជិតដល់កម្រិតខ្ពស់រយៈពេលបីខែកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីផ្នែកខ្លះនៃទីក្រុងសៀងហៃត្រូវបានបិទខ្ទប់ជាថ្មីដោយសារជំងឺកូវីដ-១៩ ទោះបីជាការនាំចេញខ្លាំងជាងការរំពឹងទុករបស់ប្រទេសចិននៅក្នុងខែឧសភាបានផ្តល់កត្តាជំរុញដល់ទស្សនវិស័យតម្រូវការប្រេងក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាជួញដូរក្នុងខែសីហាបានធ្លាក់ចុះ ១៤សេនឬ ០,១ ភាគរយដល់ ១២៣,៤៤ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅប្រភេទ West Texas Intermediate របស់អាមេរិកសម្រាប់ចែកចាយនៅខែកក្កដាត្រូវបានជួញដូរក្នុងតម្លៃ ១២១,៨៨ដុល្លារក្នុងមួយបារ៉ែល ពោលគឺធ្លាក់ចុះ ២៣សេន ឬ ០,២ភាគរយ។
ការនាំចេញក្នុងខែឧសភារបស់ប្រទេសចិនបានកើនឡើង ១៦,៩ភាគរយធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ដោយសារការបន្ធូរបន្ថយការទប់ស្កាត់ជំងឺកូវីដ បានអនុញ្ញាតឱ្យរោងចក្រមួយចំនួនចាប់ផ្តើមដំណើរការឡើងវិញ។ កំណើននេះគឺជាកំណើនលឿនបំផុតចាប់តាំងពីខែមករាឆ្នាំនេះ និងខ្ពស់ជាងការរំពឹងទុករបស់អ្នកវិភាគពីរដង។
លោក Jeffrey Halley អ្នកវិភាគទីផ្សារជាន់ខ្ពស់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកមកពីក្រុមហ៊ុន OANDA បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «តម្លៃប្រេងនៅតែថេរ បើទោះជាការបិទខ្ទប់ស្រុក Minhang នៃទីក្រុងសៀងហៃ បានជំរុញឱ្យប្រទេសចិនមានការភ័យខ្លាចអំពីការចាត់វិធានការគ្មានជំងឺកូវីដជាលើទី២ក្តី ដែលធ្វើឱ្យតម្រូវការប្រេងនៅអាស៊ីធ្លាក់ចុះ»៕
ប្រភព Reuters ប្រែសំរួលដោយគីរីដងរែក