លោក ហេង សួរ ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានមានប្រសាសន៍ថា ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតផល ស្បែកជើងនិងផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២៣ នឹងប្រកាសជាផ្លូវការនៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២២ មុនពិធីបុណ្យបិណ្ឌភ្ជុំ។
ថ្លែងប្រាប់អ្នកសារព័ត៍មានក្រោយកិច្ចប្រជុំប្រប្រាក់ឈ្នួលកាលពីយប់ថ្ងៃទី ១៣ កញ្ញា លោក ហេង សួរ បានបន្តថា តាមរយៈការសម្របសម្រួលប្រជុំផ្ទៃក្នុងផង ត្រីភាគីផង ក្នុង នោះ ភាគីតំណាងនិយោជកបានតម្លើងពី១៩៦ ទៅ ១៩៧ ដុល្លារ។ ដោយឡែកភាគីសហជីពមានចំនួន ៣ តួលេខផ្សេងគ្នា ក្នុងនោះតួលេខ ២០៦ដុល្លារ មានចំនួន ៨ សម្លេង, តួលេខ ២១០ ដុល្លារ មាន ៣ សម្លេង និងតួលេខ ២១៣ ដុល្លារ ចំនួន ១១សម្លេង។ ចំណែកឯភាគីរដ្ឋាភិបាលបានកំណត់តួលេខ ១៩៨ ដុល្លារ។
លោកបានបន្តថា នៅក្នុងកិច្ចប្រជុំប្រាក់ឈ្នួលនោះក្រៅពីដាក់តួលេខចុងក្រោយ ខាងភាគីនិយោជកបានដាក់សំណើរចំនួន ៣ និងភាគីតំណាងកម្មករនិយោជិតដាក់សំណើរចំនួន ៨ ទៅរាជរដ្ឋាភិបាលដោះស្រាយសម្រាប់កិច្ចប្រជុំលើកចុងក្រោយនៅថ្ងៃទី ២១ កញ្ញា ក្រោមអធិបតីភាពលោករដ្ឋមន្ត្រីអ៊ិត សំហេង ប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាត្រួតពិនិត្យនិងគោរពរាយការណ៍បន្តទៅប្រមុខរដ្ឋាភិបាលពិនិត្យនិងសម្រេចចុងក្រោយ។
លោកបានបន្ថែមថា «ដូចនេះថ្ងៃទី២១កញ្ញា ជាថ្ងៃចុងក្រោយដើម្បីសម្រេចប្រាក់ឈ្នួល កម្មករឆ្នាំ២០២៣។ ក្នុងករណីភាគីនីមួយៗគាំទ្រតួលេខណាមួយជាឯកច្ឆ័យ នឹងមិនមានការបោះឆ្នោតទេតែបើភាគីនីមួយៗនៅតែប្រកាន់ជំហររៀងៗខ្លួន នោះតាមច្បាប់នឹងឈានទៅដល់ការបោះឆ្នោតសម្រេចចុងក្រោយ»។
គួរបញ្ជាក់ថា សម្រាប់ប្រាក់ឈ្មួលអប្បបរមាកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើងនិងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២២ ទទួលបាន១៩៤ដុល្លារក្នុង១ខែ ដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតទេ៕


ដោយគីរីដងរែក




