ភ្នំពេញៈ សម្តេចវិបុលសេនាភក្តី សាយ ឈុំសម្ដេចប្រមុខ រដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ បញ្ចប់គោរមងារ «ឧកញ៉ា» ពីឧកញ៉ា ឡេង ចាន់ណា។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។ ឧកញ៉ា ឡេង ចាន់ណា ដែលឆបោកលុយ ប្រជាពលរដ្ឋរឿងដីធ្លី-ផ្ទះ និងការវិនិយោគក្នុងទំហំទឹកប្រាក់ រាប់លានដុល្លារនោះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនហើយ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។
ឧកញ៉ា ឡេង ចាន់ណា និងបក្ខពួករបស់ខ្លួន ត្រូវបានប្រជាពលរដ្ឋចោទថា បានបោកលុយរាប់លានដុល្លារ ក្នុងរូបភាពទិញដី ផ្ទះ និងការវិនិយោគបានការប្រាក់ខ្ពស់ តែទីបំផុតអ្នកខ្លះបានការស៊ីតែប៉ុន្មានខែ ក៏លែងបានរហូត។ ប្រជាពលរដ្ឋខ្ទង់ពាន់នាក់ បានចាញ់បោកឧកញ៉ា ឡេង ចាន់ណា ដោយខ្លះខ្ចីលុយពីធនាគារ ដើម្បីមកនិវិយោគជាមួយ ដែលរហូតពេលនេះត្រូវសងធនាគារវិញយ៉ាងលំបាក។ កម្លាំងនគរបាលខេត្តសៀមរាប បានអនុវត្តដីការបស់តំណាងអយ្យការ ក៏សម្រេចធ្វើការឃាត់ខ្លួន ឧកញ៉ារូបនេះតែម្តង។


ដោយគិរីដងរែក