តារាកំប្លែងនិងចម្រៀងអាយ៉ៃដ៏មានប្រជាប្រិយភាពលោក ព្រហ្ម ម៉ាញ កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២កន្លងទៅបានដួលសន្លប់នៅក្នុងកម្មវិធីដ៏អស្ចារ្យ មួយរបស់ Plengនាសណ្ឋាគារGarden City។

យ៉ាងណាមិញ បន្ទាប់ពីជួបហេតុការដួលសន្លប់ វីរៈសិល្បករផ្នែកចម្រៀងអាយ៉ៃលោក ព្រហ្ម ម៉ាញ ពេលនេះកំពុងសម្រាកនៅមន្ទីរពេទ្យប៉ាស៊ីហ្វិក ក្បែរស្ពានអាកាស៧មករា ដើម្បីតាមដានស្ថានភាពជំងឺ លើសឈាមរបស់គាត់។ ជាមួយគ្នានេះ បើតាមការបញ្ជាក់ពីតារាកំប្លែងអ្នកនាង កាឆយ បានលើកឡើងថា លោកពូ ព្រហ្មម៉ាញ បានធូបន្តិចហើយ តែគាត់នៅងើបវិលហើយញ៉ាំអីមិនទាន់បាន។

ចំណែកអ្នកស្រី គង់ សុចិន្ដា ដែលត្រូវជាភរិយាលោក ព្រហ្ម ម៉ាញ បានប្រាប់ឲ្យដឹងតាមទូរស័ព្ទថា នៅថ្ងៃនេះស្វាមីអ្នកស្រីគឺលោកតា ព្រហ្ម ម៉ាញ បានដឹងខ្លួនជាធម្មតាហើយ ខណ:ក្រុមគ្រូពេទ្យក៏បានបញ្ជូន ចេញពីបន្ទប់សង្គ្រោះបន្ទាប់មកបន្ទប់សម្រាកធម្មតាវិញដើម្បីតាមដានជំងឺ។

អ្នកស្រីបាននិយាយទៀតថា ថ្វីត្បិតលោក ព្រហ្ម ម៉ាញ បានដឹងខ្លួនហើយក្តី ប៉ុន្តែក៏នៅបារម្ភរឿងមួយ គឺសម្ពាធឈាមឡើងចុះខុសប្រក្រតីទើបធ្វើឲ្យលោក ព្រហ្ម ម៉ាញ នៅធ្វើទុក្ខម្ដងៗ។
សូមជម្រាបដែរថា បន្ទាប់ពីមានដំណឹងនៃការដួលសន្លប់របស់លោក ព្រហ្ម ម៉ាញ គេឃើញមានមហាជននិងសិល្ប:ជាច្រើនបង្ហាញក្តីព្រួយបារម្ភនិងផ្ញើសារជូនពរគ្រប់គ្នា។
ដោយ ៖គីរីដងរែក