កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ព្រមានថា មានតែការទម្លាយ ផ្នែកការ ទូតទេ ដែលប្រសើរជាងការទទួលជ័យជម្នះផ្នែកយោធា ទើបអាចជួយបិទបញ្ចប់សង្រ្គាមរបស់រុស្ស៊ី នៅក្នុងប្រទេសរបស់លោកបាន។
ជាមួយគ្នានេះ លោក ហ្សលេនស្គី ក៏បានអំពាវនាវសុំជំនួយយោធាបន្ថែមទៀត បើទោះជា ប្រធានាធិបតី អាមេរិកលោក ចូ បៃដិន ទើបបានចុះហត្ថលេខាជាផ្លូវការលើកញ្ចប់ ថវិកា ជំនួយ៤០ពាន់លានដុល្លារ សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងសង្គ្រាមអ៊ុយក្រែន។
ការអំពាវនាវខាងលើនេះដែរបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីរុស្ស៊ីបានអះអាងថា បានបំផ្លាញឃ្លាំងអាវុធដែលផ្តល់ដោយលោកខាងលិចនៅភាគពាយព្យនៃប្រទេសអ៊ុយក្រែន។
លោក ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្នុងកំលុងធ្វើសន្និសីទសារព័ត៌មាន រួមគ្នា ជាមួយ នាយករដ្ឋមន្រ្តីព័រទុយហ្គាល់លោក អាន់តូនីញ៉ូ កូស្តា ថា យើងមិនត្រូវការការសម្រប សម្រួលបែបនេះទេ។ ពីព្រោះ ខ្ញុំជឿជាក់ថា វានឹងមិនមានការសម្របសម្រួលជាមួយអ៊ុយក្រែន នៅអឺរ៉ុបទេ… វានឹងក្លាយជាការសម្របសម្រួលមួយផ្សេងទៀតរវាងអឺរ៉ុប និងរុស្ស៊ី។
លោក ហ្សេលេនស្គី ដែលនឹងនិយាយទៅកាន់ឥស្សរជននយោបាយ និងធុរកិច្ចរបស់ពិភពលោក នៅឯវេទិកា ដាវ៉ូស (Davos) តាមរយៈវីដេអូអនឡាញនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានប្រាប់ ប្រជាជន អ៊ុយក្រែនក្នុងសុន្ទរកថាតាមទូរទស្សន៍ថា មានរឿងដែលអាចទៅដល់ គឺបានតែនៅតុចរចា ប៉ុណ្ណោះ… សង្រ្គាមនឹងធ្វើឱ្យមានការបង្ហូរឈាមគ្នា… មានការប្រយុទ្ធគ្នា ប៉ុន្តែនឹងបញ្ចប់យ៉ាងច្បាស់ លាស់តាមរយៈការទូត។
លោកបន្ថែមថា កិច្ចពិភាក្សារវាងអ៊ុយក្រែន-រុស្ស៊ីនឹងសម្រេចធ្វើឡើងនៅពេលណា ឬទីណា ស្ថិតក្រោម ទម្រង់អ្វីនោះ ខ្ញុំនៅពុំទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែលោកសន្យាថា លទ្ធផលនឹងមាន ភាពយុតិ្តធម៌សម្រាប់អ៊ុយក្រែន៕
ដោយគីរីដងរែក