(កៀវ)៖ ប្រធានាធិបតីប៉ូឡូញ លោក អាន់ហ្សិច ឌូដា (Andrzej Duda) បាននិយាយថាមានតែអ៊ុយក្រែនប៉ុណ្ណោះ ដែលមានសិទ្ធិសម្រេចចិត្តលើ អនាគតរបស់ខ្លួនឯង ខណៈសង្រ្គាមរបស់រុស្ស៉ី ដែលលោកខាងលិចចាត់ទុកថាជាការឈ្លានពានបានចូលដល់ខែទី៤ហើយ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ឧសភា ឆ្នាំ២០២២។
លោក Andrzej Duda ធ្វើការកត់សម្គាល់ខាងនៅលើក្នុងសុន្ទរកថាទៅកាន់សភាជាតិអ៊ុយក្រែន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះកន្លងនេះ នាឱកាស បំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន និងចំពេលទីក្រុងកៀវ បានច្រានចោលបទឈប់បាញ់ និងសម្បទានដែលមានជាប់ពាក់ព័ន្ធនឹងទឹកដី ជាមួយរុស្ស៉ី។ លោក Duda បានគូសបញ្ជាក់ដូច្នេះថា «នៅចំពោះមុខការព្រួយបារម្ភជាច្រើន មានមតិខ្លះបានលើកឡើងថាអ៊ុយក្រែនគួរតែធ្វើ តាមសំណើរបស់លោក ពូទីន…ប៉ុន្តែ មានតែអ៊ុយក្រែនប៉ុណ្ណោះដែលមានសិទ្ធិធ្វើការសម្រេចចិត្តពីអនាគតរបស់ខ្លួនឯង»។ លោក Duda បន្ថែមថា សហគមន៍អន្តរជាតិទៅវិញទេ ដែលត្រូវតែធ្វើយ៉ាងណាឱ្យរុស្ស៉ីដកកងទ័ពទាំងស្រុងចេញពីទឹកដីអ៊ុយក្រែន។
គួរបញ្ជាក់ថា លោក Andrzej Duda បានក្លាយជាមេដឹកនាំបរទេសដំបូងបំផុត ដែលបានថ្លែងសុន្ទរកថាដោយផ្ទាល់នៅចំពោះមុខសភាជាតិអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក ហើយប៉ូឡូញ ក៏ជាប្រទេសមួយដែលគាំទ្រឱ្យអ៊ុយក្រែនក្លាយជាសមាជិកសហភាពអឺរ៉ុប ផងដែរ៕
ដោយគីរីដងរែក