នៅថ្ងៃចន្ទនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) បានចេញដំណើរឆ្ពោះទៅកាន់ រដ្ឋធានីវ៉ាស៉ីនតោន សម្រាប់ការបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៦ថ្ងៃ ស្របពេលដែលសម្ព័ន្ធមិត្តទាំងពីរ ខិតខំបង្កើនកិច្ចសហប្រតិបត្តិការ យោធា ចំពោះមុខការកើនឡើង នៃការគំរាមកំហែងពីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ទស្សនកិច្ចពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមេសា របស់លោក យូន គឺជាដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងបំផុតនៅសហរដ្ឋអាមេរិក ដោយប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងរយៈពេលប្រមាណ១២ឆ្នាំមកនេះ ហើយវាចំគម្រប់ខួបទី៧០ នៃការចាប់ផ្តើមសម្ព័ន្ធភាពរបស់ប្រទេសទាំងពីរ ដែលបានជួយចាក់គ្រឹះយុទ្ធសាស្រ្តរបស់អាមេរិកនៅតំបន់អាស៉ី ព្រមទាំងបានផ្តល់មូលដ្ឋានសម្រាប់កូរ៉េខាងត្បូងវិវត្តខ្លួនក្លាយជា ប្រទេសដែលមានសេដ្ឋកិច្ចដ៏ខ្លាំងក្លាមួយ។
យ៉ាងណាមិញ ខណៈដែលកូរ៉េខាងជើងកាន់តែមានភាពរីកចម្រើនខ្លាំង ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៉ីលបាលិស្ទីគសម្រាប់ផ្ទុះពួកវានោះ មន្ទិលសង្ស័យក៏មានការរីកធំឡើងផងដែរនៅកូរ៉េខាងត្បូង ជុំវិញការពឹងផ្អែកទៅលើឆត្រនុយក្លេអ៊ែររបស់អាមេរិក តែមួយមុខ ជាមធ្យោបាយ ដើម្បីការពារខ្លួន ហើយថែមទាំងមានការអំពាវនាវ សូម្បីតែពីសំណាក់សមាជិកជាន់ខ្ពស់មួយចំនួន នៃគណបក្សរបស់លោក យូន ផ្ទាល់ ឱ្យប្រទេសអាស៉ីបូព៌ាមួយនេះ ចាប់ផ្តើមអភិវឌ្ឍអាវុធនុយក្លេអ៊ែរដោយខ្លួនឯង។
យោងតាមលទ្ធផលស្ទង់មតិថ្មីចុងក្រោយ ដោយវិទ្យាស្ថានសិក្សាអន្តរជាតិអាសាន (Asan Institute for Policy Studies) ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល គឺអ្នកចូលស្ទង់មតិជាង៥៤ភាគរយ ជឿជាក់ថា សហរដ្ឋអាមេរិកនឹងមិនឱ្យសុវត្ថិភាពរបស់ខ្លួន ស្ថិតក្រោមហានិភ័យ ដើម្បីតែមកការពារសម្ព័ន្ធមិត្តនៅតំបន់អាស៉ីឡើយ ហើយជាង៦៤ភាគរយ បានបង្ហាញការគាំទ្រឱ្យកូរ៉េខាងត្បូងអភិវឌ្ឍអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន ខណៈ៣៣ភាគរយជំទាស់។
គួរបញ្ជាក់ថា កំលុងទស្សនកិច្ចនៅទីក្រុងវ៉ាស៉ីនតោន លោក យូន ស៊ុកយុល និងលោក ចូ បៃដិន នឹងបើកកិច្ចប្រជុំកំពូលជាមួយគ្នា ព្រមទាំងធ្វើសន្និសីទសារព័ត៌មានរួម នៅថ្ងៃទី២៦ ខែមេសា ហើយលោក យូន ក៏នឹងត្រូវឡើងថ្លែងសុន្ទរកថានៅសភាជាតិ របស់សហរដ្ឋអាមេរិក នៅថ្ងៃទី២៧ ខែមេសា ផងដែរ៕



ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក




