ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បាននិយាយថា ប្រទេសរបស់លោកមិនត្រូវការអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនោះទេ ព្រោះវាមិនចាំបាច់សម្រាប់ការវាយប្រហារលើសហរដ្ឋអាមេរិក ឬប្រទេសដទៃទៀតឡើយ ។
លោក Lukashenko បានប្រាប់ទីភ្នាក់ងារព័ត៌មាន BelTA កាលពីថ្ងៃព្រហស្បតិ៍ថា “យើងមិនត្រូវការអាវុធយុទ្ធសាស្ត្រជាដាច់ខាត ។ យើងនឹងមិនសម្លាប់ជនជាតិអាមេរិក ឬបាញ់មីស៊ីលនុយក្លេអ៊ែរយុទ្ធសាស្ត្រពីទឹកដីនៃប្រទេសបេឡារុសនោះទេ ព្រោះបេឡារុស នឹងមិន ធ្វើការវាយប្រហារលើសហរដ្ឋអាមេរិកឬបណ្តាប្រទេសនៅអឺរ៉ុបឡើយ” ។
លោក Lukashenko បានរំឭកថា “នៅពេលដែលលោកឡើងកាន់តំណែងជាមេដឹកនាំប្រទេសបេឡារុស អាវុធនុយក្លេអ៊ែរត្រូវបានដកចេញពីប្រទេសរបស់លោក ស្របតាមសំណើរបស់សហរដ្ឋអាមេរិក” ។
ប៉ុន្តែទោះជាយ៉ាងណា លោកបានបញ្ជាក់បែបនេះវិញថា “យើងមានកាំជ្រួចមីស៊ីលទំនើបបំផុតប្រភេទ Topol-M ដែលយើងបាននាំយកវាមក ជាថ្នូរនឹងការធានាពីអាមេរិក និងអឺរ៉ុបថាពួកគេនឹងមិនរំលោភលើអធិបតេយ្យភាព និងឯករាជ្យភាពរបស់យើងឡើយ” ។
ជាចុងក្រោយ មេដឹកនាំដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ីរូបនេះលើកឡើងថា ប៉ុន្តែពួកគេទាំងនោះបានស្តោះទឹកមាត់ដាក់ និងជាន់ឈ្លីកិច្ចសន្យាទាំងនោះ ហើយថែមទាំងបានអនុវត្តទណ្ឌកម្មប្រឆាំងនឹងយើងទៀត ។ ពួកគេព្យាយាមច្របាច់ ក យើងតាមលទ្ធភាពដែលអាចធ្វើទៅបាន ។ ទោះជាយ៉ាងណា ប្រសិនបើបេឡារុសមានអាវុធនុយក្លេអ៊ែរវិញនោះ ពួកគេនឹងមិននិយាយបែបនេះទេ” ៕



ប្រភព Tass News ប្រែសម្រួលដោយគិរីដងរែក




