ប្រទេសប៉ូឡូញបានសម្រេចពង្រឹងសមត្ថភាពការពាររបស់ខ្លួន ដោយគ្រោងនឹងបង្កើនចំនួនទាហានទ្វេដងនៅក្នុងជួរយោធាដល់ ២៥០,០០០ នាក់នៅឆ្នាំ ២០៣៥ ពោលគឺកើនឡើងពីប្រហែល ១១០,០០០ នាក់នាពេលបច្ចុប្បន្ន ។
ការសម្រេចបង្កើនចំនួនទាហានទ្វេដងរបស់ប្រទេសសមាជិកអង្គការណាតូមួយនេះកើតឡើង ដើម្បីប្រឈមមុខនឹងសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលបានអូសបន្លាយពេលជាង ៩ ខែកន្លងមកនេះ ។
ទន្ទឹមនោះ ប្រសិនបើផែនការនេះសម្រេចបាន ប្រទេសនេះនឹងមានយោធាធំបំផុតមួយនៅអឺរ៉ុប ពោលធំជាងប្រទេសបារាំង និងអាល្លឺម៉ង់ទៅទៀត ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋាភិបាលប៉ូឡូញត្រូវបានកំណត់ថានឹងដំឡើងការចំណាយលើវិស័យការពារជាតិដល់ទៅ ៣ ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅក្នុងសារពើពន្ធឆ្នាំ ២០២៣ ខណៈអង្គការណាតូកំណត់គោលដៅការចំណាយលើរដ្ឋជាសមាជិកចំនួន ២ ភាគរយប៉ុណ្ណោះ ៕




ប្រែសម្រួលដោយគីរីដងរែក




