អរគុណចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការដាំព្រៃឈើរយៈពេលវែងរបស់ប្រទេសចិន ដែលដើមឈើចំនួន ៩៦០លានដើម (លើផ្ទៃដី ៦៤លានហិកតា) ត្រូវបានដាំនៅក្នុងប្រទេសនេះក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ អត្រាគ្របដណ្តប់ព្រៃឈើរបស់ប្រទេសចិននាពេលបច្ចុប្បន្ននេះបានឈានដល់ចំនួន ២៣,០៤ភាគរយ ដោយកើនឡើងបាន ២,៦៨ភាគរយបើធៀបទីនឹងឆ្នាំ២០១២។
នៅទីក្រុងសៃហានបាក្នុងខេត្តហេបីនៅភាគខាងជើងប្រទេសចិន ការងារដាំដើមឈើរបស់ប្រជាជនជាច្រើនជំនាន់នៅក្នុងតំបន់នោះបានបង្កើតជាអព្ភូតហេតុពណ៌បៃតងមួយនៅទីនោះ ដោយបានប្រែក្លាយពីវាលខ្សាច់ដ៏ស្ងាត់ជ្រងំទៅជាសមុទ្របៃតងនៃដើមឈើ។ ទីក្រុងសៃហានបា ដែលធ្លាប់ជាកន្លែងបរបាញ់របស់ស្តេចក្នុងអំឡុងរាជវង្សជីង (ឆ្នាំ១៦៤៤-១៩១១) បានក្លាយទៅជាវាលរហោស្ថានដ៏ធំទូលាយមួយរហូតដល់ដើមទសវត្សរ៍ឆ្នាំ១៩៥០។
នៅក្នុងឆ្នាំ១៩៦២ ប្រទេសចិនបានសាងសង់កសិដ្ឋានព្រៃឈើសិប្បនិម្មិតមួយនៅទីនោះដើម្បីស្តារបរិស្ថានក្នុងតំបន់នោះ។ ចាប់តាំងពីពេលនោះមក ប្រជាជនអ្នកដាំព្រៃឈើបីជំនាន់នៅក្នុងទីក្រុងសៃហានបាន បានខិតខំប្រឹងប្រែងមិនឈប់ឈរក្នុងការដាំដើមឈើដើម្បីកែលម្អបរិស្ថានអេកូឡូស៊ី។
កសិដ្ឋានព្រៃឈើសៃហានបាន បច្ចុប្បន្ននេះបានក្លាយជាចម្ការសិប្បនិម្មិតដ៏ធំបំផុតរបស់ពិភពលោក និងជាខែលការពារបរិស្ថានដ៏សំខាន់សម្រាប់តំបន់ប៉េកាំង-ទៀនជីង-ហេបី ជាមួយនឹងទេសភាពព្រៃឈើសរុបជាង ១,១៥លាន mu និងអត្រាគ្របដណ្តប់ព្រៃឈើ ៨២ភាគរយ។
ការផ្លាស់ប្តូរអព្ភូតហេតុនៃទីក្រុងសៃហានបា គឺជាគំរូនៃការងារមិនឈប់ឈររបស់ប្រទេសចិនឆ្ពោះទៅរកការធ្វើឱ្យទេសភាពពណ៌បៃតង។
វាលខ្សាច់គូប៊ូគីដែលមានទីតាំងនៅខ្ពង់រាបអរដូសនៃតំបន់ស្វយ័តម៉ុងហ្គោលីអ៊ីននើរបស់ប្រទេសចិនភាគខាងជើង គឺជាវាលខ្សាច់ធំជាងគេលំដាប់ទីប្រាំពីរនៅក្នុងប្រទេស។ បច្ចុប្បន្ន វាលខ្សាច់នេះមានផ្ទៃដីបៃតងជាង ៣ ២០០គីឡូម៉ែត្រក្រឡា។ លើសពីនេះទៀត វាលខ្សាច់ជាង ៦ ០០០គីឡូម៉ែត្រក្រឡាត្រូវបានផ្លាស់ប្តូរតាមរយៈកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យវាមានពណ៌បៃតង។ រុក្ខជាតិពិសេសៗត្រូវបានដាំនៅតំបន់នោះ ដែលអាចទប់ទល់នឹងដីខ្សាច់ និងការពារកុំឱ្យមានការទន្ទ្រានដីបន្ថែមទៀត៕
ប្រភព CGTN ដោយ៖ គីរីដងរែក