ក្រុមមន្ត្រីតាលីបង់បាននិយាយថា មនុស្សចំនួន១២៤នាក់ បានស្លាប់ដោយសារសីតុណ្ហភាពចុះត្រជាក់ខ្លាំងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីសប្តាហ៍មុនមក។
អ្នកនាំពាក្យក្រសួងគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា សត្វពាហនៈប្រហែល៧០០០០ក្បាល ក៏ងាប់ផងដែរនៅក្នុងរដូវរងាដែលត្រជាក់បំផុត មិនធ្លាប់ជួបសោះនារយៈពេលមួយទសវត្សរ៍ចុងក្រោយ។
ទីភ្នាក់ងារជំនួយជាច្រើន បានផ្អាកប្រតិបត្តិការនៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីក្រុមតាលីបង់ ហាមឃាត់ស្ត្រីអាហ្វហ្គានីស្ថាន មិនឲ្យធ្វើការងារឲ្យអង្គការក្រៅរដ្ឋាភិបាល។
រដ្ឋមន្ត្រីតាលីបង់ម្នាក់និយាយថាទោះបីជាមានការស្លាប់បែបនេះក៏ដោយក៏បម្រាមមិនផ្លាស់ប្តូរដែរ។
រដ្ឋមន្ត្រីស្តីទីនៃក្រសួងគ្រប់គ្រងគ្រោះមហន្តរាយលោក Mullah Mohammad Abbas Akhund បានប្រាប់ BBC ថា តំបន់ភាគច្រើននៃប្រទេសអាហ្វហ្គានីស្ថាន ឥឡូវនេះត្រូវបានកាត់ផ្តាច់ទាំងស្រុងដោយសារព្រិល។ ឧទ្ធម្ភាគចក្រយោធាត្រូវបានបញ្ជូនទៅជួយសង្គ្រោះ ប៉ុន្តែពួកគេមិនអាចចុះចតនៅតំបន់ភ្នំភាគច្រើនបានទេ។
លោក Mullah Akhund និយាយថា “ភាគច្រើននៃមនុស្សដែលបាត់បង់ជីវិតដោយសារភាពត្រជាក់គឺជាអ្នកគង្វាលគោ ឬអ្នករស់នៅតាមតំបន់ជនបទ។ ពួកគេមិនមានលទ្ធភាពទទួលបានការថែទាំសុខភាពឡើយ”។
គួរបញ្ជាក់ថា រដូវរងាគឺតែងតែអាក្រក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែឆ្នាំនេះគឺជាអាកាសធាតុអាក្រក់បំផុតក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ៕



ប្រភព BBC ប្រែសម្រួលដោយគីរីដងរែក




