(កៀវ)៖ ទីប្រឹក្សាក្រសួងមហាផ្ទៃអ៊ុយក្រែន លោក អាន់តុន ហ្គេរ៉ាសឆេនកូ (Anton Gerashchenko) បានឱ្យដឹងថា ចំពោះមុខការវាយប្រហារដោយមីស៊ីល នាថ្ងៃចន្ទនេះ ប្រជាជនរាប់ពាន់នាក់ ដែលរស់នៅក្នុងទីក្រុងកៀវ បាននិងកំពុងនាំគ្នាជ្រកកោន នៅតាមស្ថានីយរថភ្លើងក្រោមដី ដើម្បីសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២។
ក្រៅពីរដ្ឋធានីកៀវ ក៏មានសេចក្តីរាយការណ៍អំពីហេតុការណ៍ផ្ទុះ នៅឯទីក្រុងលីវ (Lviv), ធើណូពីល (Ternopil) និងហ្ស៊ីតូមៀ (Zhytomyr) ក្នុងតំបន់ភាគខាងលិចអ៊ុយក្រែន ហើយនិងនៅទីក្រុងឌីនីប្រូ (Dnipro) នៃតំបន់ភាគកណ្តាលប្រទេសផងដែរ។ ទន្ទឹមគ្នា ស៊ីរ៉ែនប្រកាសអាសន្នឱ្យប្រុងប្រយ័ត្ន អំពីការវាយប្រហារតាមផ្លូវអាកាស ត្រូវបានបន្លឺឡើងពាសពេញប្រទេសអ៊ុយក្រែន។
គួរបញ្ជាក់ថា បើតាមការអះអាងរបស់លោក ហ្គេរ៉ាសឆេនកូ មនុស្សយ៉ាងហោច៥នាក់ បានបាត់បង់ជីវិត និង១២នាក់រងរបួស ក្នុងការវាយប្រហារនៅទីក្រុងកៀវ។ ហេតុការណ៍ផ្ទុះបន្តបន្ទាប់ នៅតាមទីក្រុងរបស់អ៊ុយក្រែននេះ គឺត្រូវគេសង្កេតឃើញថា កើតមានឡើងតែ ១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន បានចោទអ៊ុយក្រែនជាអ្នកនៅពីក្រោយ ករណីបំផ្ទុះស្ពានយុទ្ធសាស្រ្ត គ្រីមៀ ហើយហៅវាថាជាអំពើភេរវកម្ម៕



ប្រភព Sputnik ប្រែសម្រួលដោយគីរីដងរែក




