ប៉ូលិសបារាំង បានឆែកឆេរទីស្នាក់ការគណបក្សនយោបាយ Renaissance របស់លោកប្រធានាធិបតី Emmanuel Macron និងការិយាល័យក្រុមហ៊ុនទីប្រឹក្សាសហរដ្ឋអាមេរិក McKinsey នៅក្នុងទីក្រុងប៉ារីស។
ការវាយឆ្មក់កាលពីថ្ងៃពុធទី១៤ខែធ្នូ គឺជាផ្នែកមួយនៃការស៊ើបអង្កេត លើការប្រើប្រាស់ទីប្រឹក្សាក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតប្រធានាធិបតីដែលលោក Macron ទទួលជ័យជម្នះក្នុងឆ្នាំ២០១៧ដល់២០២២។
ទោះបីជាយ៉ាងណាក៏ដោយ ទាំងលោកប្រធានាធិបតី Macron និងក្រុមយុទ្ធនាការរបស់គាត់ គឺមិនត្រូវបានផ្តោតគោលដៅជាសាធារណៈ ដោយរដ្ឋអាជ្ញានោះទេ ហើយទាំងគណបក្ស Renaissance និងក្រុមហ៊ុន McKinsey សុទ្ធតែបាននិយាយថា ពួកគេកំពុងសហការជាមួយ ការស៊ើបអង្កេត។
អ្នកនាំពាក្យគណបក្ស Renaissance លោក Loic Signor បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា “វាជារឿងធម្មតាទេសម្រាប់ប្រព័ន្ធតុលាការ ក្នុងការស៊ើបអង្កេតដោយសេរី និងឯករាជ្យ ដើម្បីបំភ្លឺលើរឿងនេះ”។
គួរបញ្ជាក់ថា ប្រទេសបារាំង មានច្បាប់តឹងរ៉ឹងទាក់ទងនឹងការផ្តល់ហិរញ្ញប្បទានដល់គណបក្សនយោបាយ និងយុទ្ធនាការបោះឆ្នោត។ ការ ចំណាយជាសាធារណៈលើការប្រឹក្សាយោបល់បានកើនឡើងក្នុងអំឡុងពេលកាន់តំណែងដំបូងរបស់លោក Macron៕

ប្រភព BBC News ប្រែសម្រួលដោយគីរីដងរែក




