តួលេខពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដែលបានចេញផ្សាយកាលពីសប្តាហ៍មុនបានបង្ហាញថា បរិមាណនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរបានកើនឡើង ១៥,២ ភាគរយដល់ ១១,៣៨ ពាន់លានដុល្លារកាលពីឆ្នាំមុន។ លោក លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានឲ្យដឹងថា ការកើនឡើងនៃការនាំចេញសម្លៀកបំពាក់គឺដោយសារតែការកើនឡើងនៃការបញ្ជាទិញ អ្នកទិញមួយចំនួនបានបង្វែរការបញ្ជាទិញពីប្រទេសជិតខាងមកកម្ពុជា។
លោកនិយាយថា៖ «អ្នកទិញបានផ្លាស់ប្តូរការបញ្ជាទិញពីប្រទេសផ្សេងៗ ដោយសារភាពចលាចលក្នុងវិស័យនយោបាយ និងជំងឺរាតត្បាតមកកម្ពុជា ហើយដោយសារស្ថានភាពនៃការចាក់វ៉ាក់សាំងនៅក្នុងប្រទេសមានចំនួនច្រើន និងការបើកឲ្យមានការធ្វើដំណើរឡើងវិញ អ្នកទិញជាច្រើនបានដាក់ការបញ្ជាទិញផលិតផលទាំងនេះពីកម្ពុជា»។
លោក លឹម ហេង អនុប្រធានកម្ពុជាបានចែករំលែកនូវមតិដូចគ្នា ។
លោកនិយាយថា៖ «នៅក្នុងប្រទេសដែលផលិតសម្លៀកបំពាក់ដូចជាមីយ៉ាន់ម៉ា បង់ក្លាដែស និងវៀតណាមបានប្រឈមមុខនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ហើយមានការខ្វះខាតលើការផ្គត់ផ្គង់វត្ថុធាតុដើមដោយសារតែជំងឺរាតត្បាត ។ ប៉ុន្តែសម្រាប់ កម្ពុជា ចិនបាន ផ្គត់ផ្គង់ វត្ថុធាតុដើមគ្រប់គ្រាន់ដូច្នេះទើបធ្វើឲ្យការបញ្ជាទិញមកកម្ពុជាកាន់តែកើនឡើង » ។
លោក បន្ត ថា គម្រោង អនុគ្រោះ ពាណិជ្ជកម្ម – EBA, GSP ជា កត្តា ជំរុញលើកើនឡើងនៃការនាំចេញសម្លៀកបំពាក់របស់កម្ពុជា។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបាននិយាយនៅដើមសប្តាហ៍នេះថា កភាពជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បានអនុញ្ញាតឲ្យប្រទេសនេះ ដំណើរការឡើងវិញទាំងស្រុងនូវសកម្មភាពសេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យ។
លោកបន្តថា៖ «ជាមួយនឹងភាពជោគជ័យ សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើងក្នុងអត្រាល្អប្រសើរជាងការរំពឹងទុកនៅចំនួនបីភាគរយនៅឆ្នាំ ២០២១ ពីការធ្លាក់ចុះ ៣,១ ភាគរយក្នុងឆ្នាំ ២០២០ ដែលជំរុញដោយការស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សនៃវិស័យកាត់ដេរ និងវិស័យមិនមែនកាត់ដេរ ក៏ដូចជាកសិកម្មជាដើម»។
លោកបន្ថែមថា៖ «សម្រាប់ឆ្នាំ ២០២២ សេដ្ឋកិច្ចត្រូវបានព្យាករណ៍ថានឹងកើនឡើងក្នុងអត្រាខ្ពស់ប្រហែល ៥,៦ ភាគរយដោយមានការរំពឹងទុកលើការកើនឡើងនៃតម្រូវការពិភពលោក និងទំនុកចិត្តរបស់អ្នកវិនិយោគបរទេស។ ទីផ្សារ ដែល បញ្ជា ទិញ សម្លៀក បំពាក់ ពី ប្រទេស កម្ពុជា រួម មាន អឺរ៉ុប អង់គ្លេស អាមេរិក ជប៉ុន និង កាណាដា»៕
អត្ថបទ និងរូបភាពដោយ៖ សារព័ត៌មានគីរីដងរែក