បុរសពីរនាក់បានជិះរថយន្ត Ford ពាក់ស្លាកលេខ « ខេមរភូមិន្ទ » ចេញពីរាជធានី ភ្នំពេញ ដើម្បីទៅបាញ់សត្វព្រៃនៅខេត្តកោះកុង ប៉ុន្តែពួកគេត្រូវបានសមត្ថកិច្ចចម្រុះ ឃាត់ខ្លួននៅយប់ថ្ងៃទី ៦ ខែកញ្ញា នៅភូមិ ទឹកល្អក់ ឃុំ ជីផាត ស្រុក ថ្មបាំង ខេត្តកោះកុង ។ ជន សង្ស័យទាំងពីរត្រូវបានបដិសេធដោយប្រធានមន្ទីរបរិស្ថានថា ពួកគេមិនមានតួនាទីជាមន្ត្រីនោះទេ ទោះពួកគេជិះរថយន្ត Ford ស្លាក លេខ «ខេមរភូមិន្ទ » ក៏ដោយ ។
កម្លាំងចម្រុះចូលរួមប្រតិបត្តិការ នោះរួមមានមន្ត្រី មកពីអង្គការ សម្ព័ន មិត្តសត្វព្រៃកម្លាំងកងរាជអាវុធហត្ថមន្ត្រីបរិស្ថាន និង តំណាងអង្គការដឹកនាំដោយជនបរទេសផងដែរ ។
លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុងបានថ្លែងប្រាប់កាសែត គីរីដងរែក ពីម្សិលមិញថាការ ឃាត់ខ្លួនជនសង្ស័យត្រូវ បានធ្វើឡើងក្នុងប្រតិបត្តិការចុះល្បាតហើយកម្លាំងចម្រុះបានប្រទះឃើញជនសង្ស័យ ដែលបានប្រព្រឹត្តបទល្មើសបាញ់សម្លាញ់សត្វព្រៃ ហើយឈានដល់ការឃាត់ខ្លួនរួមជាមួយ នឹងការដកហូតវត្ថុតាំងមួយចំនួនរថយន្ត Ford ពាក់ស្លាក់លេខ ២ -៤៧៩៣ ខេមរភូមិន្ទ មួយ គ្រឿងសត្វប្រើសមួយក្បាល សត្វសម្ពោចមួយក្បាល សាច់សត្វព្រៃ មួយស្បោងតូច ព្រមទាំងកាំភ្លើងចំនួន ៥ ដើម (កាំភ្លើងវែង ២ ដើម កាំភ្លើងខ្លី៣ ដើម និងគ្រាប់កាំភ្លើងចំនួន៥៩ គ្រាប់ ) ។
លោកបន្តថាជនសង្ស័យ ដែលប្រព្រឹត្តបទល្មើសបាញ់សម្លាញ់សត្វព្រៃគឺជាពលរដ្ឋ ធម្មតាពុំមានជាមន្ត្រីនោះទេ ។ ពួកគេបានធ្វើ សកម្មភាពបាញ់សម្លាញ់សត្វនៅតំបន់ការពារធម្មជាតិភ្នំក្រវ៉ាញ ដោយការប្រើប្រាស់អាវុធត្រូវបានចាត់ទុកជាអំពើខុសច្បាប់ ។ ដូច្នេះ ពួកគេត្រូវបានកម្លាំងអង្គការសម្ព័នមិត្តសត្វព្រៃ បញ្ជូនទៅមន្ទីបរិស្ថានខេត្ត កោះកុងដើម្បីកសាងសំណុំ រឿងបញ្ជូនទៅតុលាការតាម នីតិវិធីច្បាប់ ។
លោកនិយាយថា ៖ « ការប្រើប្រាស់អាវុធជាតិផ្ទុះជាតិគីមីថ្នាំពុលគ្រឿងឆក់ ដែលធ្វើឱ្យខូចខាតធនធានធម្មជាតិត្រូវបានចាត់ទុកថាជា អំពើខុសច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។ ដូច្នេះជនសង្ស័យត្រូវមានទោសត្រង់ការប្រើប្រាស់អាវុធដើម្បីសម្លាញ់សត្វព្រៃ» ។
យោងតាមរបាយការណ៍ពីប៉ូលិសជនសង្ស័យដែល ត្រូវបានឃាត់ខ្លួនបានមានឈ្មោះស្រីវាសនា ភេទប្រុស អាយុ ៣៥ ឆ្នាំជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនមានទីលំនៅភូមិអូរដឹម សង្កាត់ ចោមចៅ ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ ។
ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ហុងរត្នមុនី ភេទប្រុសអាយុ ២៩ ឆ្នាំជនជាតិខ្មែរមានទីលំនៅសង្កាត់ទឹកល្អក់ ១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ។
លោក ថោង ចាន់ដារ៉ា មន្ត្រីសម្របសម្រួលផ្នែកសិទ្ធិមនុស្ស នៃសមាគមអាដហុក ប្រចាំខេត្តកោះកុង បាននិយាយថាជនសង្ស័យត្រូវ បានឃាត់ខ្លួនហើយបន្តកសាងសំណុំរឿងបញ្ជូន ទៅតុលាការតាមនីតិវិធីច្បាប់គឺជារឿងត្រឹមត្រូវព្រោះថាការប្រើប្រាស់កាំភ្លើងបាញ់សម្លាប់សត្វព្រៃបានបង្ហាញពីរូបភាពមិនខ្លាចច្បាប់ ។ ឬមួយពួកគេអាងអំណាចទើបហ៊ានធ្វើបែបនេះ ។
លោកបន្តថាតាមទង្វើ ដែលជនសង្ស័យបាន
ប្រព្រឹត្តប្រហែលជាពីមុនមកពួកគេក៏ធ្លាប់ធ្វើសកម្មភាពបាញ់សម្លាញ់សត្វព្រៃបែបនេះផងដែរ ប៉ុន្តែដោយសារតែមានការរឹតបន្ដឹងការ អនុវត្តច្បាប់ពីសំណាក់ស្ថាប័នមានសមត្ថកិច្ចទើបមានការឈានដល់ឃាត់ខ្លួនដូច្នេះ ។ ប្រសិនបើមិនមានការរឹតបន្តឹងទេសកម្មភាព បែបនេះអាចនឹងបន្ត កើតមានទៅមុខទៀត ។
លោកនិយាយថា ៖ « ការបរបាញ់សត្វព្រៃ [ ដោយ កាំភ្លើង ] ត្រូវតែមានទោសព្រោះជាការបំផ្លាញធនធានធម្មជាតិ ។ ដូច្នេះត្រូវតែផ្ដន្ទាទោសអាចដល់១០ ឆ្នាំនិងអាចពិន័យជា ទឹកប្រាក់ប្រហែលចន្លោះពីមួយលានរៀលទៅដប់លានរៀលផងដែរ » ៕

ដោយគីរីដងរែក




