បុរសម្នាក់សង្ស័យស្រវឹង បានបើករថយន្ត Lexus Rx 330 ពាក់ស្លាកលេខនគរបាល មួយគ្រឿង ធ្វើដំណើរក្នុងល្បឿនលឿន ជ្រុលទៅបុករះបង្គោលដែកដាក់ច្រវ៉ាក់រងការខូចខាត និងបន្តទៅបុកកង់បីឥណ្ឌាមួយគ្រឿង ទៀត បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ហើយរថយន្តបង្កបន្តទៅបុករបងផ្ទះប្រជាពលរដ្ឋរងការខូចខាត ទើបធ្វើឲ្យរថយន្តដាច់កាឡេកង់មុខម្ខាង ទៅមុខលែងរួច ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង ៣០នាទីយប់ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០ ២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ២ ត្រង់ចំណុចរង្វង់មូលតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក Lexus RX330 ពណ៌ស ពាក់ស្លាកលេខនគរបាល 2-8768 បើកដោយបុរសម្នាក់សង្ស័យស្រវឹងធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានបុករះបង្គោលដាក់ច្រវ៉ាក់នៅចិញ្ចើមផ្លូវបាក់អស់ ៥ដើម និងបន្តទៅបុកកង់បីឥណ្ឌា ដែលចតលើចិញ្ចើមផ្លូវប៉ើងទៅផ្ទប់នឹងរបងសាលាដំបូងខេត្តកណ្ដាល បណ្ដាលឲ្យម្ចាស់កង់បីរងរបួសធ្ងន់ ។
ភ្លាមៗនោះ អ្នកបើករថយន្តបង្កហេតុមិនព្រមឈប់ទទួលខុសត្រូវនោះទេ គឺបានបើកថយក្រោយ រួចបន្តដំណើររហូតដល់ភូមិស្ទឹងជ្រៅ សង្កាត់ដើម មៀន ក្រុងតាខ្មៅ ក៏ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋរងការខូចខាត ហើយរថយន្តដាច់កង់មុខម្ខាងទៅលែងរួច ទើបតៃកុងរថយន្តបង្កបានចុះរត់គេចខ្លួនបាត់ស្រមោល ទៅ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ក្រុងតាខ្មៅ បានចុះមកធ្វើការវាស់វែងស្ទួចយករថយន្តបង្ក និងកង់បីដែលរងការខូចខាត ទៅរក្សាទុក រង់ចាំឲ្យម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយតាមច្បាប់៕






ដោយគីរីដងរែក




