កម្លាំងនគរបាលស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃអាទិត្យ បានចាប់ខ្លួន និងបញ្ជូនបុរសម្នាក់ដែលបានកាប់សម្លាប់ស្ត្រីម្នាក់ ទៅកាន់សាលាដំបូងខេត្តដើម្បីសាកសួរ។
លោកវរសេនីយ៍ត្រី គឹម ស៊ីដេត នាយប៉ុស្តិ៍នគរបាលឃុំបឹងប្រាំបានឲ្យដឹងថា បុរសជាជនសង្ស័យ មានឈ្មោះ សឿន សុខណា អាយុ ៣១ឆ្នាំ ជាកសិករ និងជាអតីតពលករធ្វើការនៅប្រទេសថៃ បច្ចុប្បន្នរស់នៅភូមិ អូរឫស្សី ឃុំ បឹង ប្រាំ ស្រុក ប វេ ល។
លោកវរសេនីយ៍ត្រី គឹម ស៊ីដេត បាននិយាយថា ស្ត្រីរងគ្រោះមានឈ្មោះ ឡាច គីភេទអាយុ៥៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិជាមួយគ្នា។ តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជនសង្ស័យជាអតីតពលករចំណាកស្រុកនៅប្រទេសថៃហើយបានត្រឡប់មកផ្ទះវិញក្នុងឆ្នាំ២០១៩ ហើយ ក៏ជាមនុស្សញៀនថ្នាំផងដែរ។
លោកបន្ថែមថាប្រហែលមួយខែមុនឃាតកម្មជនរងគ្រោះ និងក្រុមគ្រួសារបានផ្សព្វផ្សាយពាក្យចចាមអារ៉ាមថាជនសង្ស័យបាន រួមភេទ ជាមួយម្តាយជាស្ត្រី មេម៉ាយរបស់ខ្លួន ពេលបែកថ្នាំ ដែលធ្វើឲ្យជនសង្ស័យខឹងសម្បារជាខ្លាំង។
នៅវេលាម៉ោងប្រហែល ៧ និង៤០ នាទី ព្រឹកថ្ងៃអាទិត្យ ជនសង្ស័យបានយកកាំបិតខ្វែវចូលផ្ទះជនរងគ្រោះខណៈកំពុងធ្វើម្ហូបនៅ ក្រោយផ្ទះតែម្នាក់ឯង។ ពេលនោះប្តី និងកូនរបស់ជនរងគ្រោះបានចេញទៅធ្វើស្រែចម្ការនៅភូមិកើតហេតុខាងលើបាត់ទៅហើយ។
ក្រោយមកជនសង្ស័យបានកាប់ស្ត្រីរងគ្រោះ ចំនួន ៣ កាំបិតចំត្រង់ក ផ្នែកខាងក្រោយមួយកាំបិតត្រង់ស្មាខាងឆ្វេង និងមួយកាំបិត ម្រាមដៃខាងស្តាំបណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។
នៅម៉ោងប្រហែល ១០ ព្រឹកថ្ងៃដដែលប្តីជនរងគ្រោះបានត្រឡប់មកផ្ទះវិញ ឃើញសពប្រពន្ធនៅក្បែរផ្ទះក៏ទៅប្រាប់នគរបាលឃុំ។ ក្រោយមកជនសង្ស័យត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល១១ ព្រឹក។
ក្រឡាបញ្ជីសាលាដំបូងខេត្តបាត់ដំបងលោក អេង គឹមសេង បានបញ្ជាក់កាលពីម្សិលមិញថាជនសង្ស័យត្រូវបានចោទប្រកាន់ពី បទ«ឃាតកម្មគិតទុកជាមុន» និងប្រឈម នឹងការជាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើត្រូវបានកាត់ទោស។
ដោយឡែកជនសង្ស័យកំពុងត្រូវបានសាកសួរនៅសាលាដំបូងខេត្តនៅឡើយ។
ដោយគីរីដងរែក