(វ៉ាស៊ីនតោន)៖ អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ និងជាអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) បានសារភាពថា លោកពិតជាធ្លាប់បានចូលរួម និងជួយជ្រោមជ្រែងដល់ «ផែនការធ្វើរដ្ឋប្រហារ» ទម្លាក់រដ្ឋាភិបាលនៅតាមបណ្ដាប្រទេសមួយចំនួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២។
លោក ចន បូលតុន ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN នៅថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងថ្ងៃតែមួយដែលគណៈកម្មការពិសេសមួយនៃ សមាជិកសភាអាមេរិក បានចោទប្រកាន់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាបានញុះញង់ឱ្យក្រុមអ្នកគាំទ្ររបស់លោកប្រើអំពើហិង្សាវាយប្រហារលើវិមាន កាពីតូល ក្រោយចាញ់ការបោះឆ្នោតកាលពីឆ្នាំ២០២០។
ថ្លែងទៅកាន់អ្នកសម្របសម្រួលព័ត៌មាននៃទូរទស្សន៍ CNN លោក ជេក ថេបភឺ (Jake Tapper) លោក ចន បូលតុន បានលើកឡើងថាលោក ដូណាល់ ត្រាំ មិនមាន សមត្ថភាពគ្រប់គ្រាន់ ក្នុងការសម្រេចជោគជ័យនូវផែនការធ្វើរដ្ឋប្រហារដោយប្រុងប្រយ័ត្ននោះទេ។ ដោយឡែក នៅពេលត្រូវបានលោក ថេបភឺ ចោទសួរថាតើលោកចង់ សំដៅលើរដ្ឋប្រហារណាមួយ អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះមិនបានបញ្ជាក់លម្អិតថាតើរដ្ឋប្រហារណាមួយឡើយ ប៉ុន្តែលោកបានលើកពីឈ្មោះប្រទេស វេណេស៊ុយអេឡា។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ ក្នុងនាមជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន ធ្លាប់បានបង្ហាញការគំាទ្រជាសាធារណៈចំពោះការអំពាវនាវរបស់មេដឹកនាំបក្ស ប្រឆាំងវេណេស៊ុយអេឡា លោក ហ័ន ហ្គៃដូ (Juan Guaido) ឱ្យយោធាធ្វើរដ្ឋប្រហារទម្លាក់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីអំណាចដោយសំអាងថា លោក ម៉ាឌូរ៉ូ ជាប់ឆ្នោតដោយខុសច្បាប់។ តែនៅទីបំផុត លោក ម៉ាឌូរ៉ូនៅតែបន្តកាន់អំណាចមកទល់នឹងបច្ចុប្បន្ន។
សហរដ្ឋអាមេរិក បានរងចោទប្រកាន់ថាជាអ្នកទទួលខុសត្រូវលើការធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលបរទេស និងអន្តរាគមន៍យោធាជាច្រើននៅជុំវិញពិភពលោក ក្នុងនោះរួមមាន ចាប់ពីការធ្វើរដ្ឋប្រហារទម្លាក់អតីតនាយករដ្ឋមន្ត្រីអ៉ីរ៉ង់ លោក មហាំម៉ាត់ ម៉ូសាដដែស (Mohammad Mosaddegh) សង្រ្គាមនៅវៀតណាម អ៉ីរ៉ាក់ និងអាហ្វហ្កានីស្ថាន ជាដើម៕
ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក