រូបភាពបានបង្ហាញពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង ស្លៀកពាក់ឈុតយោធា ត្រួតពិនិត្យមជ្ឈមណ្ឌលបញ្ជាការកងទ័ព បន្ទាប់ពីលោកប្រកាសថា ប្រទេសចិន នឹងផ្តោតលើការត្រៀមខ្លួនធ្វើសង្គ្រាម។
ថ្លែងពីវេទិកា លោក ស៊ី បានប្រាប់ទាហាននៅមជ្ឈមណ្ឌលបញ្ជាថា ឥឡូវនេះ ប្រទេសចិនត្រូវតែផ្តោតលើការត្រៀមខ្លួនសម្រាប់ធ្វើសង្រ្គាម ពីព្រោះសន្តិសុខជាតិរបស់ប្រទេសនេះ កាន់តែអស្ថិរភាព និងមិនច្បាស់លាស់។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា ប្រទេសចិន នឹងពង្រឹងការហ្វឹកហ្វឺនយោធា និងត្រៀមលក្ខណៈសម្រាប់សង្គ្រាមណាមួយឲ្យកាន់តែទូលំទូលាយ។
លោក ស៊ី តែងតែសំដៅទៅលើ “សករាជថ្មី” សម្រាប់ប្រទេសចិន នៅពេលលោកនិយាយអំពីរបៀបដែលពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរកាន់តែខ្លាំងឡើង មិនធ្លាប់មានសោះក្នុងរយៈពេលមួយសតវត្សរ៍។
ការព្រមានរបស់លោក ស៊ី ដែលថា ប្រទេសចិននឹងផ្តោតលើការរៀបចំសម្រាប់សង្គ្រាម នឹងបង្កើនការភ័យខ្លាចថា ប្រជាជាតិនេះអាចវាយលុកកោះតៃវ៉ាន់ ដែលរដ្ឋាភិបាលក្រុងប៉េកាំងអះអាងថាជារបស់ខ្លួន។
ប្រទេសចិនដែលមានសេដ្ឋកិច្ច និងយោធាធំជាងគេលំដាប់ទីពីរក្នុងពិភពលោក បានគំរាមម្តងហើយម្តងទៀតថា នឹងប្រើកម្លាំងវាយយកកោះតៃវ៉ាន់ប្រសិនបើចាំបាច់។
កាលពីខែមុន លោក ស៊ី បានអំពាវនាវឲ្យមានការធ្វើទំនើបកម្មយោធាលឿនជាងមុន, ការពឹងផ្អែកលើខ្លួនឯង និងបង្កើនកម្លាំងផ្នែកបច្ចេកវិទ្យា និងការពារផលប្រយោជន៍របស់ប្រទេសចិននៅបរទេស៕




ប្រែសម្រួលដោយគីរីដងរែក




