(អូតាវ៉ា)៖ នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថាវាគឺជា «ការសម្រេចចិត្តដ៏លំបាកមួយ» ក្នុងការផ្តល់ការលើកលែងទណ្ឌកម្មដែលបានដាក់លើរុស្ស៉ី តាមរយៈការបញ្ជូនម៉ាស៉ីនទួរប៊ីនសម្រាប់ថែទាំបំពង់បង្ហូរឧស្ម័ន ណ័រ ស្រ្ទីម វ័នស៍ (Nord Stream 1) ត្រឡប់ទៅអាល្លឺម៉ង់វិញ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំំ២០២២។
អ៊ុយក្រែន បានហៅការសម្រេចចិត្តរបស់ទីក្រុងអូតាវ៉ា ថាជាទង្វើបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ី។ លោក ទ្រូដូ បាននិយាយថាទណ្ឌកម្ម គឺកំណត់គោលដៅទៅលើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសហការីរបស់លោក ប៉ុន្តែវាមិនត្រូវបានបង្កើតឡើងដើម្បីធ្វើបាបសម្ព័ន្ធមិត្តរបស់យើង ឬប្រជាជនរបស់ពួកគេទេ។ លោក ទ្រូដូ បានបន្ថែមថាទីក្រុងអូតាវ៉ានៅតែបន្តប្រកាន់គោលជំហរច្បាស់លាស់ជាមួយអ៊ុយក្រែន។
គួរបញ្ជាក់ថា កាណាដា បានយល់ព្រមបញ្ជូនម៉ាស៊ីនទួរប៊ីនខាងលើ ដែលត្រូវបានជួសជុលក្នុងទីក្រុងម៉ុងរ៉េអាល់ ទៅឱ្យក្រុមហ៊ុនថាមពលអាល្លឺម៉ង់ Siemens បើទោះជាទួរប៊ីននេះស្ថិតនៅក្រោមទណ្ឌកម្មលោកខាងលិចដាក់លើរុស្ស៉ីក៏ដោយ។ ទួរប៊ីននេះគឺជាផ្នែកមួយនៃបំពង់ឧស្ម័ន ណ័រ ស្រ្ទីម វ័នស៍ ដែលផ្គត់ផ្គង់ឧស្ម័ន ពីរុស្ស៉ីទៅអាល្លឺម៉ង់ ហើយបើតាមការគ្រោងទុកម៉ាស៊ីនមួយនេះនឹងត្រូវបញ្ជូនចេញបន្តពីអាល្លឺម៉ង់ ទៅរុស្ស៉ីវិញ៕
ប្រភព BBC ប្រែសម្រួលដោយគីរីដងរែក