(វ៉ាស៉ីនតោន)៖ ឧទ្ធម្ភាគចក្រយោធាអាមេរិកធុន MV-22 Osprey មួយគ្រឿង ដែលផ្ទុកកងម៉ារីនចំនួន៥នាក់ បានធ្លាក់នៅ តំបន់ភាគខាងត្បូងរដ្ឋកាលីហ្វរញ៉ា (California) កាលពីរសៀលថ្ងៃពុធសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CBS News នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០២២។
មន្រ្តីយោធាអាមេរិកលោក មេសុន អ៊ែងហ្គលហាត (Mason Englehart) បានប្រាប់ CBS News ថា ឧទ្ធម្ភាគចក្រខាងលើ បានធ្លាក់នៅក្នុងតំបន់ អ៉ីមភើរៀល ខោនធី (Imperial County)។ លោកបាននិយាយថា ឧទ្ធម្ភាគចក្រនោះ ផ្ទុកកងម៉ារីនអាមេរិក៥នាក់ ប៉ុន្តែលោកមិនអាចបញ្ជាក់ថា មានមនុស្សសរុបចំនួនប៉ុន្មាននាក់ ដែលធ្វើដំណើរនៅឧទ្ធម្ភាគចក្រ ឬមួយក៏មានអ្នកស្លាប់ និងរបួសដែរឬអត់ឡើយ។ នៅវេលាយប់ថ្ងៃដដែល ខាងកងម៉ារីនអាមេរិក បានបង្ហោះសារលើប្រព័ន្ធ Twitter ថា ខ្លួនកំពុងរង់ចាំការបញ្ជាក់អំពី ស្ថានភាពនៃកងម៉ារីនទាំង៥រូប។
គួរបញ្ជាក់ថា វាគឺជាករណីគ្រោះថ្នាក់ធ្ងន់ធ្ងរលើកទី២ហើយ ដែលពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ MV-22 Osprey របស់កងម៉ារីនអាមេរិក នៅក្នុងឆ្នាំ២០២២នេះ។ កាលពីមីនាកន្លងទៅ ឧទ្ធម្ភាគចក្រម៉ូដែលនេះ ១គ្រឿង បានធ្លាក់នៅប្រទេសន័រវែស កំលុងសមយុទ្ធយោធា ដែលបណ្តាលឱ្យកងម៉ារីនអាមេរិក៤នាក់ បាត់បង់ជីវិត៕
ប្រភព CBS ដោយគីរីដងរែក