ថៃ៖នៅថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២ ធនាគារ កណ្តាលរបស់ប្រទេសថៃ បាន ប្រកាសឲ្យដឹងថា ខ្លួនកំពុងតែ តាមដានយ៉ាងដិតដល់ នូវការប្រែប្រួលតម្លៃប្រាក់បាត ចំពេលមានការប្រែប្រួល ហិរញ្ញវត្ថុសកល ។ យ៉ាងណាក៏ដោយ ធនាគារកណ្តាលថៃ ថា នៅមិនទាន់មានសញ្ញានៃ ចលនាហិរញ្ញវត្ថុ ខុស ប្រក្រតីនៅឡើយទេ មកទល់នឹងពេលនេះ ។
តាមរយៈ សារមួយផ្ញើ ទៅ កាន់ ក្រុម អ្នក យក ព័ត៌មាន ក្រោយ ការ ធ្លាក់ ថ្លៃ ប្រាក់ បាត យ៉ាង ឆាប់ រហ័ស កាល ពី ពេល ថ្មីៗ នេះ ធនាគារ កណ្តាល ថៃ បាន និយាយ ថា ភាព ទន់ ខ្សោយ របស់ រូបិយប័ណ្ណ ត្រូវ បាន រុញ ច្រាន ជា ចម្បង ដោយភាពខ្លាំងនៃ ប្រាក់ ដុល្លារអាមេរិក ។
ជំនួយការអគ្គទេសាភិបាលធនាគារកណ្តាលថៃ អ្នកស្រី ឆៃយ៉ាវឌី ឆៃអាណន់ (Chayawadee Chai-Anant) បាននិយាយនៅក្នុងសារថា៖ « មានភាពមិនច្បាស់លាស់ផងដែរ អំពីការបន្ធូរបន្ថយវិធានការ បិទខ្ទប់របស់ប្រទេសចិន ដែលអាចប៉ះពាល់ដល់ការងើបឡើងវិញនៃវិស័យទេសចរណ៍របស់ថៃ» ។
ប្រាក់បាត បានធ្លាក់ចុះដល់កម្រិត ទាបបំផុត ធៀប នឹង ប្រាក់ ដុល្លារ ក្នុង រយៈពេល ១៦ឆ្នាំមកនេះ ។ វា បាន ធ្លាក់ ថ្លៃ ១៣% ធៀប នឹង ប្រាក់ ដុល្លារ ក្នុង ឆ្នាំ២០២២ ។
បើតាមជំនួយការអគ្គទេសាភិបាលធនាគារកណ្តាលថៃដដែល វិនិយោគិនបរទេសនៅតែបានទិញទ្រព្យសកម្មប្រមាណ ១១០ ពាន់លានបាត (២,៩០ ពាន់លានដុល្លារ) នៃទ្រព្យសកម្មថៃរហូតមកដល់ពេលនេះ ដែលការទិញមានចំនួនជាង ១៤០ ពាន់លានបាតក្នុងភាគហ៊ុន និងការលក់ចំនួន ៣០ ពាន់លានបាតជាមូលបត្របំណុល ។
ធនាគារកណ្តាលថៃ កំពុងជំរុញផងដែរឱ្យវិស័យឯកជនគ្រប់គ្រងហានិភ័យរូបិយប័ណ្ណ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលទីផ្សារហិរញ្ញវត្ថុ ដោយសារភាពមិនប្រាកដប្រជានៅតែមានកម្រិតខ្ពស់ ។ អ្នកស្រី ឆៃយ៉ាវឌី បានបញ្ជាក់បន្ថែមបែបនេះ៕




ប្រែសម្រួលដោយគីរីដងរែក




