ទីក្រុងប៉េកាំងកាលពីថ្ងៃទី4 ខែមករា បានសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការប្រយុទ្ធគ្នានៅប្រទេសមីយ៉ាន់ម៉ា ដែលនៅជិតខាង បណ្តាលឱ្យជនជាតិចិនស្លាប់ ហើយ បាននិយាយថា ខ្លួននឹងចាត់វិធានការចាំបាច់ ទាំងអស់ ដើម្បីការពារពលរដ្ឋរបស់ខ្លួន បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានគ្រាប់កាំភ្លើងធំបានផ្ទុះឆ្លងព្រំដែន។ ជម្លោះប្រដាប់អាវុធបានផ្ទុះឡើងនៅរដ្ឋ Shan ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីខែតុលា ពេលដែលសម្ព័ន្ធភាពនៃក្រុមជនជាតិភាគតិច បានបើកការវាយលុកប្រឆាំងរបបយោធា។
ប្រព័ន្ធផ្សព្វផ្សាយចិនជាច្រើន បានរាយការណ៍កាលពីថ្ងៃពុធថា គ្រាប់កាំភ្លើងធំពីប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ឆ្លងកាត់ព្រំដែនចូលទីក្រុងNansan ក្នុងខេត្ត Yunnan របស់ប្រទេស ចិន បានផ្ទុះ និងបណ្តាលឲ្យមនុស្សជាច្រើន នាក់រងរបួស។ នៅពេលសួរអំពីរបាយការណ៍ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បាននិយាយថាប្រទេសចិនសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំងដែលជម្លោះប្រដាប់អាវុធបានបណ្តាលឱ្យជនជាតិចិនស្លាប់ និងរបួស ដោយបន្ថែមថា ទីក្រុងប៉េកាំងបានធ្វើការប្រកាសយ៉ាងឱឡារិកដល់ភាគីពាក់ព័ន្ធ ប្រទេសចិនទាមទារម្តងទៀតថា ភាគីទាំងអស់នៅក្នុងជម្លោះភាគខាងជើងមីយ៉ាន់ម៉ាបញ្ឈប់ជាបន្ទាន់នូវអរិភាព និងចាត់វិធានការជាក់ស្តែង ដើម្បីការពារឧប្បត្តិហេតុដ៏អាក្រក់បន្ថែមទៀត ដែលបង្ក គ្រោះថ្នាក់ដល់សន្តិភាព និងភាពស្ងប់ស្ងាត់នៅតាមព្រំដែន។
លោក Wang មិនបានបញ្ជាក់ថា មានមនុស្សប៉ុន្មាននាក់បានស្លាប់ឬ រងរបួសក្នុងឧបទ្ទវហេតុនោះទេ។ សម្ព័ន្ធភាពជនជាតិភាគតិច បានរឹបអូសយកទីប្រជុំជន និងមជ្ឈមណ្ឌលព្រំដែនសំខាន់ៗជាច្រើនដែលធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន នៅក្នុងអ្វីដែលអ្នកវិភាគនិយាយថា ការប្រកួតប្រជែងយោធាដ៏ធំបំផុត ចំពោះរបបយោធាចាប់តាំងពីបានដណ្តើមអំណាច នៅឆ្នាំ2021។កាលពីខែមុន ទីក្រុងប៉េកាំងបាននិយាយថាខ្លួនបានសម្របសម្រួលកិច្ចចរចា រវាងយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចសម្ព័ន្ធមិត្ត ហើយបានឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់ “បទឈប់បាញ់បណ្តោះ អាសន្ន” ការប៉ះទង្គិចគ្នាបានបន្តនៅក្នុង ផ្នែកខ្លះនៃរដ្ឋ Shan ហើយស្ថានទូតចិនកាល ពីសប្ដាហ៍មុន បានស្នើឱ្យពលរដ្ឋរបស់ខ្លួន ជម្លៀសចេញពីតំបន់មួយនៅតាមព្រំដែនរួម គា្ន ដោយសារហានិភ័យសន្តិសុខ៕




ប្រភព AFP ប្រែសម្រួលដោយគិរីដងរែក




