ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា ទាហានរុស្ស៊ីជាង ១,១០០នាក់បានស្លាប់ ក្នុងរយៈពេលមួយ សប្តាហ៍ នៅក្នុងការវាយប្រយុទ្ធគ្នានៅជិតទីក្រុង (Bakhmut) ដែលស្ថិតនៅភាគខាងកើតប្រទេស។
លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ចាប់តាំងពីថ្ងៃទី៦ ខែមីនា មកទល់នឹងពេលនេះ យើងបានសម្លាប់ទាហានរបស់សត្រូវជាង ១,១០០នាក់ នៅក្នុងសមរភូមិទីក្រុង ទីក្រុងបាកមូតតែមួយគត់ ដែលវាជាការបាត់បង់មិនអាចត្រឡប់វិញបានរបស់រុស្ស៊ី នៅសមរភូមិក្បែរទីក្រុងនេះ»។
លោក ហ្សេលេនស្គី បានបន្ថែមថា «ជាមួយគ្នានេះ ទាហានរុស្ស៊ី ត្រូវបាត់បង់កម្លាំងអស់ចំនួន ១,៤០០នាក់ ដោយសារតែពួកគេរងរបួសយ៉ាងធ្ងន់ធ្ងរមិនអាចបន្តប្រយុទ្ធបាន។ រីឯ សម្ភារសឹក មួយចំនួនធំក៏ត្រូវបានបំផ្លាញ តួយ៉ាងដូចជាឃ្លាំងអាវុធរបស់រុស្សីជាង១០ទីតាំង»។
ទីក្រុងបាកមូត ជាចំណុចស្នូលនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅឯភាគខាងកើតអ៊ុយក្រែន ខណៈភាគីទាំងសងខាងសុទ្ធតែទទួលស្គាល់ថា បានបាត់បង់កម្លាំងធ្ងន់ធ្ងរដូចគ្នា ប៉ុន្តែចំនួនមនុស្សស្លាប់ជាក់លាក់ គឺពិបាកក្នុងការផ្ទៀងផ្ទាត់ដោយលក្ខណៈឯករាជ្យ៕



ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក




