កោះតៃវ៉ាន់នឹងបន្ថែមរយៈពេលនៃការចូលបំពេញកាតព្វកិច្ចយោធារបស់ខ្លួនពី ៤ ខែឡើងរហូតដល់ ១ ឆ្នាំ ដោយសារតែការកើនឡើងសម្ពាធយោធាពីសំណាក់ប្រទេសចិន ។
ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានប្រកាសពីការសម្រេចចិត្តនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីបានកោះប្រជុំទីភ្នាក់ងារសន្តិសុខជាតិកាលពីថ្ងៃអង្គារ ។
បុរសនៅតៃវ៉ាន់ទាំងអស់ដែលមានអាយុលើសពី ១៨ ឆ្នាំ គឺតម្រូវឲ្យចូលបម្រើក្នុងជួរកងទ័ព ខណៈការបន្ថែមរយៈពេលសម្រាប់កាតព្វកិច្ចនេះនឹងចាប់ផ្តើមនៅឆ្នាំ ២០២៤ ហើយអនុវត្តចំពោះបុរសដែលកើតក្រោយថ្ងៃទី ១ ខែមករា ឆ្នាំ ២០០៥ ។
នៅក្នុងសន្និសីទសារព័ត៌មាន លោកស្រី Tsai បាននិយាយថា រយៈពេលបច្ចុប្បន្ននៃការចូលធ្វើទាហានចំនួន ៤ ខែ គឺមិនបានឆ្លើយតបនឹងតម្រូវការយោធារបស់តៃវ៉ាន់នោះទេ ហើយបើតៃវ៉ាន់ចង់ទទួលបានការគាំទ្រពីអន្តរជាតិលុះត្រាតែកោះនេះ បង្កើនការការពារ របស់ខ្លួន ។
ជាចុងក្រោយលោកស្រី Tsai បានអំពាវនាវដល់យុវជនឲ្យមានការយោគយល់ចំពោះច្បាប់ថ្មីនេះ ប៉ុន្តែទោះជាយ៉ាងណា លោកស្រីបញ្ជាក់ច្បាស់ថា ពួកគេនឹងមិនចាំបាច់ទៅសមរភូមិនោះទេ ប្រសិនបើតៃវ៉ាន់មានកម្លាំងគ្រប់គ្រាន់នោះ ៕



ប្រភព Aljazeera ប្រែសម្រួលដោយគីរីដងរែក




