26.2 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

តើប្រទេសណាខ្លះថ្កោលទោស មីយ៉ាន់ម៉ា ចំពោះការប្រហារជីវិតសកម្មជន?

- Advertisement -spot_img

បណ្តាប្រទេសនៅអឺរ៉ុប និងអាស៊ី រួមទាំងសហរដ្ឋអាមេរិក ក៏ដូចជាចក្រភពអង់គ្លេសកាលពីថ្ងៃអង្គារ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការប្រហារជីវិតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន ៤ នាក់ដោយយោធាដែលកំពុងកាន់អំណាចរបស់មីយ៉ាន់ម៉ា ។

នៅក្នុងសេចក្តីថ្លែងការណ៍រួម សហភាពអឺរ៉ុប អូស្ត្រាលី កាណាដា ជប៉ុន នូវែលសេឡង់ ន័រវែស កូរ៉េខាងត្បូង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានហៅការប្រហារជីវិតនេះថាជាទង្វើប្រឆាំងនឹងសិទ្ធិមនុស្ស និងនីតិរដ្ឋ ។

សេចក្តីថ្លែងការណ៍បាននិយាយថា “ការប្រហារជីវិតរបស់យោធាមីយ៉ាន់ម៉ាចំពោះមេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមប្រឆាំង គឺជាអំពើហិង្សាដែលត្រូវថ្កោលទោសជាដាច់ខាត ហើយវាក៏បង្ហាញភស្តុតាងបន្ថែមទៀតនៃរបបនេះចំពោះការមិនយកចិត្តទុកដាក់លើបញ្ហាសិទ្ធិមនុស្ស និងនីតិរដ្ឋ” ។

ទន្ទឹមនោះ បណ្តាប្រទេសនៅអឺរ៉ុប និងអាស៊ីក៏បានជំរុញឲ្យយោធាមីយ៉ាន់ម៉ាដោះលែងអ្នកដែលកំពុងជាប់ឃុំទាំងអស់ ហើយបំពេញកាតព្វកិច្ចរបស់ពួកគេក្រោមការឯកភាព ៥ ចំណុចរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីស្វែងរកសន្តិភាពតាមរយៈការសន្ទនា មិនមែនជាអំពើហិង្សាបន្តទៀតនោះទេ ។

សេចក្ដីថ្លែងការណ៍បន្ថែមទៀតថា “យើងគាំទ្រប្រជាជនមីយ៉ាន់ម៉ាសម្រាប់សេរីភាព និងលទ្ធិប្រជាធិបតេយ្យរបស់ពួកគេ ហើយអំពាវនាវឲ្យរបបនេះបញ្ចប់ការប្រើប្រាស់អំពើហិង្សា គោរពឆន្ទៈរបស់ប្រជាជន និងស្តារមាគ៌ារបស់ប្រទេសឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យ” ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទយោធាក្នុងប្រទេសមីយ៉ាន់ម៉ាបានប្រកាសការប្រហារជីវិតមនុស្ស ៤ នាក់ ក្នុងនោះមានដូចជា ឥស្សរជនប្រជាធិបតេយ្យ Kyaw Min Yu ដែលត្រូវបានគេស្គាល់ថា Jimmy, អតីតសមាជិកសភា Phyo Zayar Thaw, លោក Hla Myo Aung និង Aung Thura Zaw បន្ទាប់ពីត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន ៕

ប្រភព PNA ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img