30 C
Phnom Penh
Friday, January 24, 2025
- Advertisement -spot_img

តើទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ហ៊ានដាក់ក្រុមហ៊ុន Hanshinកូរ៉េខាងត្បូងក្នុងបញ្ជីខ្មៅ ឬទេ ដែលសង់ផ្លូវជាតិលេខ២ និងលេខ២២ មិនមានគុណភាពតាមកិច្ចសន្យា

- Advertisement -spot_img

(តាកែវ)៖ ក្រុមហ៊ុន ហានស៊ីន (Hanshin) របស់កូរ៉េខាងត្បូង ដែលទទួលបានសិទ្ធិសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ត្រូវបានរកឃេីញថា សាងសង់ផ្លូវមិនមានគុណភាព និងមិនបានត្រឹមត្រូវទៅតាមកម្រិតបច្ចេកទេសនោះឡេីយ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២ នេះ បានចុះពិនិត្យគុណភាពផ្លូវជាតិលេខ២ និងលេខ២២ ដោយបានអូសគ្រឿងចក្រសម្រាប់ពិនិត្យគ្រឹះ និងកំហាប់ផ្លូវទៅជាមួយផងដែរ។ ពេលចុះពិនិត្យនោះ លោកបានឱ្យការងារបច្ចេកទេសត្រួតពិនិត្យគ្រឹះ និងកំហាប់ផ្លូវជាច្រេីនកន្លែង ហេីយលទ្ធផលចេញមកនាំឱ្យមានការខកចិត្តជាខ្លាំង គឺគ្រឹះ និងកំហាប់ផ្លូវមិនត្រូវតាមបច្ចេកទេសនោះឡេីយ។

ដោយភាពមិនរីករាយចំពោះការសាងសង់មិនត្រឹមត្រូវតាមបច្ចេកទេសខ្វះគុណភាព ហេីយយឺតយ៉ាវផងនោះ លោកទេសរដ្ឋមន្ត្រី ក៏បានស្តីបន្ទោសខ្លាំងទៅកាន់មន្ត្រីក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យលក្ខណ:បច្ចេកទេស។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «យេីងខ្ញុំបានចុះវ៉ៃគ្រឹះសាកល្បងច្រេីនកន្លែងណាស់។ កន្លែងខ្លះក៏ជាប់ តែភាគច្រេីនធ្លាក់ទាំងអស់ក្រោមស្តង់ដាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន»។

លោកទេសរដ្ឋមន្ត្រី បានអះអាងថា លោកមិនអាចទទួលយកបាននូវការសាងសង់នេះឡេីយ។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ គម្រោងផ្លូវដែលមានប្រវែងសរុប ៧២.១៧គីឡូម៉ែត្រនេះ គ្រោងបញ្ចប់ការសាងសង់នៅខែមេសា ឆ្នាំ២០២២នេះ ។ តែក្រុមហ៊ុនសាងសង់យឺតជាងការគ្រោងទុក ហេីយសុំពន្យារដល់ខែសីហា ឆ្នាំនេះ។

ក្រុមហ៊ុនហានស៊ីន របស់កូរ៉េខាងត្បូង ក៏ជាក្រុមហ៊ុនដែលរដ្ឋាភិបាលកូរ៉េខាងត្បូង ជាប្រទេសផ្តល់កម្ចីសាងសង់ផ្លូវផ្តល់សិទ្ធិសាងសង់ផ្លូវជាតិលេខ២១ ពីរង្វង់មូលក្រុងតាខ្មៅ ទៅកាន់ព្រំដែនជ្រៃធំផងដែរ។ កាលណោះក្រុមហ៊ុននេះ ក៏បានសាងសង់ផ្លូវមិនមានគុណភាពផងដែរ។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា លោកធ្លាប់បានលេីកឡេីងបញ្ហារបស់ក្រុមហ៊ុនទៅទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជាផងដែរ។ លោក ស៊ុន ចាន់ថុល បានព្រមានថា នឹងមានការជជែកគ្នាទៅលេីក្រុមហ៊ុននេះ អាចឈានដាក់ក្នុងបញ្ជីខ្មៅមិនឱ្យទទួលការសាងសង់ផ្លូវនៅកម្ពុជា។

សូមបញ្ជាក់ថា គម្រោងកែលំអផ្លូវជាតិលេខ២ និង២២ មានប្រវែងសរុប ៧២,១៧ គីឡូម៉ែត្រ។ ក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅដល់អូរចំបក់ មានប្រវែង ៦២,៥៦ គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩,៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តខេត្តតាកែវ។

គម្រោងនេះគ្រោងចំណាយថវិកា ៥៦,១ លានដុល្លាសហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុនHasan Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture គ្រោងចំណាយពេលសាងសង់ ៣០ខែ គិតចាប់ពីចុងឆ្នាំ២០១៩។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន វឌ្ឍនភាពការងារនៃគម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ២ និង២២គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ សម្រេចលទ្ធផលការងារបាន៧៦,២០%៕
ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img