នៅក្នុងនីតិកាលទី៧នេះ លោក កែ សួនសុភាព ដែលជាកូនប្រុសរបស់លោក កែ គឹមយ៉ាន ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអភិបាលរងខេត្តបន្ទាយមានជ័យ ខណៈអភិបាលរងម្នាក់ត្រូវផ្ទេរចេញ។
នេះបើយោងតាមអនុក្រឹត្យរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។
លោកកែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ មុនទទួលបានការតែងតាំងជាអភិបាលរងខេត្តបន្ទាយមានជ័យ លោក កែ សួនសុភាព គឺជាមន្ត្រីនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ ដែលមានតួនាទីជាអនុប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន។ ប៉ុន្តែនៅមុនមួយថ្ងៃនៃការតែងតាំងនេះ លោក កែ សួនសុភាព ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្ទេរក្របខណ្ឌពីមន្ត្រីនគរបាលជាតិកម្ពុជា មកក្របខណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលមានឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣។
បច្ចុប្បន្ន លោក កែ សួនសុភាព ក៏កំពុងកាន់តួនាទីជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តបន្ទាយមានជ័យផងដែរ៕
គួរបញ្ជាក់ថាលោកកែ គឹមយ៉ាន អតីតជាឧបនាយករដ្ឋមន្ត្រីនិងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននឹងអតីតអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទផងដែរ។



ដោយគិរីដងរែក