33 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

តើការសរសេរសារណា និងនិក្ខេបបទមានលក្ខណៈខុសគ្នាដូចម្តេច?

- Advertisement -spot_img

ការសរសេរសារណា និងនិក្ខេបបទ គឺជាការសរសេរស្រាវជ្រាវដែលមានលក្ខណៈវិទ្យាសាស្រ្ត មានការត្រួតពិនិត្យ និងណែនាំពីសាស្រ្តាចារ្យលើប្រធានបទអ្វីមួយ ដែលមានគោលបំណងសិក្សាច្បាស់លាស់ ព្រមទាំងឯកសារត្រឹមត្រូវ។ ក៏ប៉ុន្តែ ប្រភេទនៃកិច្ចការស្រាវជ្រាវក្រោយពីបញ្ចប់ការសិក្សានេះពុំដូចគ្នាឡើយ។ តើលក្ខណៈនៃការស្រាវជ្រាវទាំងពីរខាងលើខុសគ្នាបែបណា?

សារណា គឺជាអត្ថបទស្រាវជ្រាវដែលមានលក្ខណៈវិទ្យាសាស្ត្រ និងសរសេរពីប្រធានបទណា មួយក្នុងគោលបំណងមួយច្បាស់លាស់។ សារណា ត្រូវបានរៀបរៀងបន្ទាប់ពីនិស្សិតបញ្ចប់ការសិក្សារយៈពេល ៤ឆ្នាំក្នុងថ្នាក់បរិញ្ញាបត្រ និង២ឆ្នាំក្នុងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញណាមួយ ដើម្បីបញ្ជាក់ពីចំណេះដឹងដែលបានសិក្សារយៈពេលប៉ុន្មានឆ្នាំកន្លងមក។ មានន័យថា សារណា គឺសរសេរសម្រាប់និស្សិតកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

ការស្រាវជ្រាវសារណា អាចស្រាវជ្រាវជាលក្ខណៈបុគ្គល ឬ ជាក្រុមដោយមានសាស្ត្រាចារ្យម្នាក់ចាំជួយណែនាំ និងកែតម្រូវ។ សារណានេះមានចាប់ពី ៣០ទំព័រ ដល់៦០ទំព័រជាង និងមានរយៈពេល ៤ខែ ទៅ៦ខែ ក្នុងការស្រាវជ្រាវទៅតាមការកំណត់របស់សាកលវិទ្យាល័យនីមួយៗ។ បន្ទាប់ពីនិស្សិតបញ្ចប់ការស្រាវជ្រាវតាមពេលកំណត់ ពួកគេតម្រូវឱ្យការពារសារណារបស់ពួកគេ ដោយការធ្វើបទបង្ហាញដែល មានឯកសារយោងត្រឹមត្រូវ និងច្បាស់លាស់ដល់គណៈកម្មាការ។ ក្រោយមកគណៈកម្មាការនឹង ធ្វើការវិនិច្ឆយត្រួតពិនិត្យ រួចផ្តល់ជាពិន្ទុ និងលទ្ធផលដើម្បីបញ្ជាក់ថា និស្សិតបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់របស់ពួកគេ។

សរសេរនិក្ខេបបទ

និក្ខេបបទ គឺមិនសូវខុសពីសារណាប៉ុន្មានឡើយ។ និក្ខេបទ ធ្វើឡើងក្នុងកម្រិតថ្នាក់បណ្ឌិត និងសិក្សាលើបញ្ហា ឬ ប្រធានបទអ្វីមួយដែលទាក់ទងជាមួយនឹងមុខជំនាញដែលនិស្សិតបានសិក្សាកន្លងមក ក្នុងថ្នាក់បណ្ឌិតរបស់ខ្លួន ព្រមទាំងជាប្រធានបទដែលធំជាងសារណា និងមានរយៈពេលវែងជាង។ និក្ខេបបទត្រូវការពេលស្រាវជ្រាវ ២ ទៅ៣ឆ្នាំ ឬ អាចយូរជាងនេះ បន្ទាប់មកនិស្សិតធ្វើបទបង្ហាញជូនគណៈកម្មការដើម្បីការពារនិក្ខេបបទរបស់ខ្លួនក្នុងការបញ្ចប់ថ្នាក់បណ្ឌិត។

ចំពោះការសរសេរនិក្ខេបបទនេះ គឺមានកម្រាស់ក្រាស់ជាងសារណា ដោយនិស្សិតត្រូវសរសេរឱ្យមានភាពស៊ីជម្រៅ និងច្បាស់លាស់ច្រើនចំពោះអ្វីដែលគាត់កំពុងតែសិក្សា និងត្រូវតែធ្វើអ្វីមួយដែលថ្មី ឬ ធ្វើប្រធានបទណាដែលមិនទាន់មាននរណាម្នាក់បានធ្វើវានៅឡើយ។ ការស្រាវជ្រាវក្នុងកម្រិតនេះ ក៏មានការការណែនាំពីសាស្ត្រាចារ្យដូចគ្នា។

គូសបញ្ជាក់ថា ការសរសេរសារណា និងនិក្ខេបបទគឺាការស្រាវជ្រាវដែលមានលក្ខណៈ វិទ្យាសាស្រ្ត និងឯកទេសនៃការសរសេរត្រឹមត្រូវតាមក្បួនខ្នាត និងការកំណត់។ យ៉ាងណាមិញ និក្ខេបបទ គឺមានលក្ខណៈទូលំទូលាយ និងស៊ីជម្រៅជាងសារណា៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img