លោក Jens Stoltenberg បានជំរុញឲ្យប្រទេសចិន បញ្ឈប់ការចងសម្ព័ន្ធភាពជាមួយរុស្ស៊ី ដោយព្រមានថា ជំនួយយោធាណាមួយពីទីក្រុងប៉េកាំងដល់ទីក្រុងមូស្គូក្នុងអំឡុងពេលជម្លោះនៅអ៊ុយក្រែន នឹងក្លាយជាកំហុសជាប្រវត្តិសាស្ត្រ ជាមួយនឹងផលវិបាកធំធេង។
ថ្លែងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសណាតូ នៅទីក្រុងព្រុចសែលកាលពីថ្ងៃពុធទី០៥ខែមេសា លោក Stoltenberg បានបង្ហាញក្តីបារម្ភអំពីទំនាក់ទំនងមិត្តភាពរវាងទីក្រុងមូស្គូជាមួយទីក្រុងប៉េកាំង ដោយទទូចថា ចិនអាចផ្តល់សព្វាវុធដល់រុស្ស៊ីក្នុងពេលឆាប់ៗនេះ បើទោះបីជាមានការបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួនមិនមានគម្រោងធ្វើដូច្នេះក៏ដោយ។
លោកអះអាងថា “ចិនបានបដិសេធថ្កោលទោសការវាយលុករបស់រុស្ស៊ី ហើយចិនបានជួយជំរុញសេដ្ឋកិច្ចរបស់រុស្ស៊ី។ សម្ព័ន្ធភាពនេះ បានដឹងយ៉ាងច្បាស់ថា ការផ្តល់ជំនួយដ៍សាហាវណាមួយដោយចិនដល់រុស្ស៊ី នឹងជាកំហុសជាប្រវត្តិសាស្ត្រ ជាមួយផលប៉ះពាល់យ៉ាងជ្រាលជ្រៅ”។
បើប្រមុខអង្គការណាតូ មិនបានរៀបរាប់លម្អិតអំពីផលប៉ះពាល់ក៏ដោយ ប៉ុន្តែកន្លងមកទីក្រុងវ៉ាស៊ីនតោនបានគំរាមឆ្លើយតបបើចិនហ៊ានផ្តល់ការគាំទ្រផ្នែកយោធាដល់រុស្ស៊ី ខណៈរតនាគារសហរដ្ឋអាមេរិកបានអនុវត្តការដាក់ទណ្ឌកម្មលើក្រុមហ៊ុនជាច្រើន ដែលមានមូលដ្ឋាននៅប្រទេសចិន ពាក់ព័ន្ធការចោទប្រកាន់ថាបានផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់យន្តហោះគ្មានមនុស្សបើក ប្រើប្រាស់ដោយកងកម្លាំងទីក្រុងមូស្គូ។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលក្រុងប៉េកាំង បានបដិសេធម្តងហើយម្តងទៀតចំពោះការលើកឡើងថា ខ្លួនមានបំណងផ្គត់ផ្គង់សព្វាវុធដល់ទីក្រុងមូស្គូ ដោយអះអាងថា ការចោទប្រកាន់ពីសំណាក់មន្ត្រីអាមេរិកគឺជាព័ត៌មានមិនពិត៕


ប្រភព Global News ប្រែសម្រួលដោយគិរីដងរែក




