មានការលេចឮដំណឹងថ្មីៗនេះមកថា ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា គ្រោងចេញទៅហ្វឹកហាត់រយៈពេលយូរនៅប្រទេស ចិន ដើម្បី ត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
ដំណឹងនេះក៏បានបញ្ជាក់ទៀតផងដែរថាគឺគ្រោងនឹងចាកចេញទៅប្រទេសចិននៅអំឡុងខែសីហា ឆ្នាំ ២០២២ នេះផ្ទាល់ តែម្ដងហើយនឹង ប្រើរយៈពេលហ្វឹកហាត់នៅទីនោះ៣ ខែឬលើសនេះ ដោយមានកីឡាការិនីគ្រូបង្វឹក និងក្រុមការងារជាច្រើននាក់ ។ ក្រៅពីនេះក៏មាន ដំណឹងថាលើសពីការហ្វឹកហាត់ក៏មានការប្រកួតមិត្តភាពដកស្រង់បច្ចេកទេសផងដែរ ។
នេះជាការចេញទៅហ្វឹកហាត់នៅក្រៅប្រទេសលើកដំបូងសម្រាប់ជម្រើសជាតិនារីកម្ពុជាចាប់តាំងពីត្រូវបានបង្កើតឱ្យមានឡើងក្នុងឆ្នាំ ២០១៨ ។
សូមបញ្ជាក់ថាប្រភេទកីឡាបាល់ទាត់វិញ្ញាសានារីក៏ នឹងមាននៅក្នុងស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ ខណៈនារីកម្ពុជាក៏ទើបតែបានចូលរួមលើកដំបូងក្នុងស៊ីហ្គេមលើកទី៣១ឆ្នាំ ២០២១ ( លើកមកឆ្នាំ ២០២២) នៅប្រទេសវៀតណាមថ្មីៗ នេះផងដែរ បើទោះបីជាពុំទាន់ទទួលបានលទ្ធផលល្អក៏ដោយ ៕


ដោយគីរីដងរែក




