ទស្សនៈចំពោះសេចក្ដីស្លាប់កាន់តែខ្លាចស្លាប់ សេចក្ដីស្លាប់កាន់តែមកជិត ។
- អ្នករៀបចំស្លាប់បានល្អ រៀបចំរស់បានល្អ ។
- អ្នកប្រសប់ស្លាប់ ប្រសប់រស់ ។
- ភ័យកាន់តែខ្លាំង ព្រួយកាន់តែច្រើន អាយុកាន់តែខ្លី ។
- អណ្ដាតភ្លើងកាន់តែធំ ប្រេងកាន់តែឆាប់អស់ ។
- កំដៅកាន់តែខ្លាំង សាច់កាន់តែផុយរលួយ ។
- កាយរស់ព្រោះតែអាហារ កាយមរណាព្រោះអាហារជាមូលហេតុ ។
- ចិត្តរស់ព្រោះសង្ខារ ចិត្តមរណាព្រោះអាហារជាហេតុ ។
- កង្វល់ និងការភ័យខ្លាច ជាហេតុ និងបច្ច័យនាំអោយវិលវល់ក្នុងវដ្ដសង្សា ។
- អាត្មានិយម ជាឫសគល់នៃជាតិទុក្ខ ជារាទុក្ខ និងមរណៈទុក្ខ ។
- បើយើងទទួលសេចក្ដីស្លាប់ដោយឧបេក្ខា សេចក្ដីស្លាប់ចូលមករកយើង ដោយឧបេក្ខា ។
- បើយើងទទួលជាតិ ជរា ព្យាធិ មរណៈ ដោយមេត្តា ជាតិ ជរា ព្យាធិ មរណៈ ឥតបញ្ចេញកំហឹងដាក់យើងវិញទេ ។
- អ្នកខ្លាចការពិត រមែងសុបិនឃើញភ័យ ។
- បច្ចុប្បន្ន ក្លាយទៅជាអតីតកាល រាល់ដង្ហើមចេញចូល ។
- សង្ខារថ្មី ក្លាយទៅជាសង្ខារចាស់ រាល់ខណៈចិត្ត ។
- មនោទ្វារកាន់តែធំ វិថីចិត្តកាន់តែទូលាយ ចិត្តកាន់តែហើម ។
- ហ៊ីងកាន់តែប៉ោង កំហឹងកាន់តែខ្លាំង កំហឹងកាន់តែខ្លាំង ហ៊ីងកាន់តែប៉ោង ហ៊ីងបែកធ្លាយសង្ខារបែកខ័ន្ធ ។
- ភ័យក្នុង ភ័យក្រៅ ភ័យព្រោះខ្លាចស្លាប់ ភ័យភ្លាត់ចំណាប់ ស្លាប់មកដល់មុនភ័យ ។
- លោភៈ គឺបែកធ្លាយ។ លោកធម៌ គីធម៌បែកធ្លាយ។ និន្នា និងពោលសរសើរជាធម៌បែកធ្លាយ លោភៈក៏បែកធ្លាយ អលោភៈក៏បែកធ្លាយ ។
- យើងកើតពីភពបែកធ្លាយ រស់នៅក្នុងបែកធ្លាយ ទីបំផុតយើងនឹងបែកធ្លាយ ។
- កាយយើងជាដុំដីតូច ក្នុងដុំដីធំ ។ ដីជាដុំល្ងង់ធំ រូបជាដុំល្ងង់តូច ។
- យើងមកពីណា ត្រូវតែទៅទីនោះវិញ ។ មកពីដី ត្រូវទៅជាដីវិញ ។ មកទទេទៅវិញក៏ទទេ ។
- បើគ្មានការភ្លេច និងការបាត់ទៅវិញទេ មនុស្សមិនអាចទ្រាំទ្រនឹងជីវិតបានឡើយ ។



ដោយ៖ គីរីដងរែក