បាត់ដំបង៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ខេត្តបាត់ដំបង ជាខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេសរុប ជាង៥៦ម៉ឺននាក់ ខណៈខេត្តកំពង់ចាម ឈរលេខរៀងបន្ទាប់ដែលមានទេសចរសរុបប្រមាណ ៥១ម៉ឺននាក់។
បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ កម្ពុជាទទួលបានទេសចរជាតិ-អន្តរជាតិ សរុបជិត ៤,៦លាននាក់ ដោយទេសចរជាតិមានជាង ៤,៥លាននាក់ និងទេសចរអន្តរជាតិមានប្រមាណ ៣ម៉ឺននាក់។
ក្នុងនោះ ខេត្តបាត់ដំបង ជាខេត្តដែលមានទេសចរទៅកម្សាន្តច្រើនជាងគេសរុបជាង ៥៦ម៉ឺននាក់ ដោយទេសចរជាតិមានចំនួន ៥៦ម៉ឺននាក់ និងទេសចរអន្តរជាតិប្រមាណ ១ពាន់នាក់។
សង្កេតឲ្យឃើញថា តាមដងផ្លូវចេញពីក្រុងបាត់ដំបង ទៅខាងផ្លូវ វត្តស្លាកែត វត្តក្ដុល រហូតដល់ភូមិ ដូនទាវ រហូតដល់ វត្តឯកភ្នំមានភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលេងយ៉ាងច្រើនកុះករ បាននាំគ្នាលេង ជះទឹក ប៉ាតម្សៅ រាំលេងតាមដងផ្លូវយ៉ាងសប្បាយក្រែលេង និងដោយចូលរួមសហការជាមួយ មន្រ្តីនគបាលប៉ុស្តិ៍ជួយធ្វើចរាចរបានយ៉ាងល្អផងដែរ ។
ពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំនេះពិតជាធ្វើឲ្យប្រជាពលរដ្ធខ្មែរយើង បាននាំគ្នាសប្បាយរីករាយ និងទទួលបាននូវការយកចិត្តទុកដាក់ពីសំណាក់មន្ត្រីអាជ្ញាធរតាមមូលដ្ថាន។ សូមចុចទស្សនារូបភាពខ្លះៗខាងក្រោម
ដោយ គិរីដងរែក