កងកម្លាំងប្រដាប់អាវុធតៃវ៉ាន់ បានមើលឃើញយន្តហោះចំនួន៦២គ្រឿង និងនាវាចំនួន៧គ្រឿងរបស់កងទ័ពរំដោះប្រជាជនចិន (PLA) ចូលទៅជិតដែនកោះ ដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ កាលពីថ្ងៃពុធទី៣១ខែសីហា។
ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយនៅលើ Twitter ថា “នាវា ៧គ្រឿង និងយន្តហោះ ៦២គ្រឿងរបស់ PLA នៅជិតតំបន់ជុំវិញរបស់យើង ត្រូវបានប្រទះឃើញនៅថ្ងៃទី៣១ខែសីហាឆ្នាំ ២០២២ រហូតដល់ម៉ោង ៩យប់”។
យោងតាមក្រសួង ក្នុងចំណោមនោះ មានយន្តហោះចំនួន១៥គ្រឿង បានហោះឆ្លងកាត់អ្វីដែលគេហៅថា “ខ្សែបន្ទាត់កណ្តាល” នៃច្រកសមុទ្រតៃវ៉ាន់ ដែលតំណាងជាព្រំដែនសមុទ្រមិនផ្លូវការរវាងកោះនេះ និងចិនដីគោក។
យន្តហោះទាំងនោះរួមមានយន្តហោះចម្បាំង J-16 ចំនួនប្រាំបួនគ្រឿង, យន្តហោះចម្បាំងអេឡិចត្រូនិក Y-8 មួយគ្រឿង, យន្តហោះប្រឆាំងនាវាមុជទឹក Y-8 មួយគ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក JH-7 បួនគ្រឿង។
ក្រសួងបន្ថែមថា កងកម្លាំងប្រដាប់អាវុធបានតាមដានស្ថានភាព និងឆ្លើយតបដោយការបញ្ជូនកងល្បាតតាមអាកាស ចេញការព្រមានតាមវិទ្យុ និងការដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាស។
គួរបញ្ជាក់ជាថ្មី ស្ថានការណ៍ជុំវិញកោះតៃវ៉ាន់កាន់តែតានតឹង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះនេះ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ខែសីហា៕




ប្រភព Indian News ប្រែសម្រួលដោយគីរីដងរែក




