ប្រទេសចិនបាននិយាយនៅថ្ងៃពុធទី៣១ខែសីហានេះថា លក្ខខណ្ឌមួយចំណុច សម្រាប់ការបន្តកិច្ចចរចាស្តីពីអាកាសធាតុទ្វេភាគីជាមួយសហរដ្ឋអាមេរិកឡើងវិញ គឺទីក្រុងវ៉ាស៊ីនតោន ត្រូវលុបបំបាត់ “ឥទ្ធិពលអវិជ្ជមាន” ដែលបន្សល់ទុកដោយដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិកលោក Nancy Pelosi ទៅកាន់កោះតៃវ៉ាន់កាលពីដើមខែនេះ។
ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៣ខែសីហា ប្រទេសចិនកាលពីថ្ងៃទី៥ខែសីហា បានផ្អាកកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយសហរដ្ឋអាមេរិក ក្នុងវិស័យមួយចំនួន រួមទាំងកិច្ចពិភាក្សាអាកាសធាតុ និងការសន្ទនារវាងមេបញ្ជាការយោធាជាន់ខ្ពស់ផងដែរ។
ក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times កាលពីថ្ងៃអង្គារ, បេសកជនពិសេសរបស់សហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកបម្រែបម្រួលអាកាសធាតុ លោក John Kerry បានជំរុញឲ្យប្រធានាធិបតីចិនលោក Xi Jinping បន្តកិច្ចពិភាក្សាឡើងវិញ។
លោក John Kerryអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក ដែលបច្ចុប្បន្នជាអ្នកការទូតអាកាសធាតុកំពូលរបស់រដ្ឋបាល លោក Biden ក៏បានប្រាប់កាសែតនេះផងដែរថា លោកសង្ឃឹមថា ប្រទេសនានា អាចវិលត្រលប់មកវិញ មុនកិច្ចប្រជុំកំពូលអាកាសធាតុ COP27 របស់អង្គការសហប្រជាជាតិក្នុងខែវិច្ឆិកា នៅរមណីយដ្ឋាន Sharm el-Sheikh នៃប្រទេស អេហ្ស៊ីប។
ប្រទេសចិន បានឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Kerry ដោយបញ្ជាក់ថា ការបន្តកិច្ចពិភាក្សាអាកាសធាតុជាមួយសហរដ្ឋអាមេរិក គឺពឹងផ្អែកលើសកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដោះស្រាយឥទ្ធិពលអវិជ្ជមាន នៃដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី Pelosi។
ក្រសួងការបរទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ ផ្ញើទៅកាន់ Reuters ថា “ភាគីអាមេរិក គួរតែលុបបំបាត់ឥទ្ធិពលអវិជ្ជមាន នៃទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី Pelosi។ នេះជាលក្ខខណ្ឌមិនអាចខ្វះបាន នៃកិច្ចសហប្រតិបត្តិការប្រែប្រួលអាកាសធាតុរវាងចិន និងសហរដ្ឋអាមេរិក”។
សេចក្តីថ្លែងការណ៍ក៏បាននិយាយដែរថា ប្រទេសចិននឹងបន្តចូលរួមយ៉ាងសកម្មនៅក្នុងវេទិកាអន្តរជាតិស្តីពីការប្រែប្រួលអាកាសធាតុ៕



ប្រភព Al Arabiya English ប្រែសម្រួលដោយគីរីដងរែក




