(ប៉េកាំង)៖ ក្នុងសប្តាហ៍នេះ ពាក់ព័ន្ធសេចក្តីបង្គាប់របស់តុលាការអង់គ្លេស ជុំវិញការធ្វើបត្យាប័នស្ថាបនិកវែបសាយទម្លាយព័ត៌មានសម្ងាត់ WikiLeaks គឺលោក Julian Assange ទៅកាន់សហរដ្ឋអាមេរិក ក្រសួងការបរទេសចិន បានចេញមុខផ្តល់ការយល់ឃើញមួយចំនួន ចំពោះករណីនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន RT នៅថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២។
លោក វ៉ាង វិនពីន (Wang Wenbin) អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងយ៉ាងដូច្នេះថា «អ្វីដែលកើតឡើងចំពោះលោក Assange សបញ្ជាក់ឱ្យឃើញថា សម្រាប់សហរដ្ឋអាមេរិក បុគ្គលណាដែលទម្លាយអំពីអ្វីដែលពួកគេចាត់ទុកថា ជាអំពើអាក្រក់របស់ប្រទេសដទៃ គឺត្រូវលើកតម្កើងជាវីរបុរស ប៉ុន្តែបើបុគ្គលណាហ៊ានលាតត្រដាង រឿងអាស្រូវរបស់រដ្ឋាភិបាលអាមេរិកវិញនោះ គឺត្រូវជាប់ឈ្មោះជាឧក្រិដ្ឋជន។ នេះហើយគឺជាមុខមាត់ពិត នៃសេរីភាពការបញ្ចេញមតិ និងសារព័ត៌មានរបស់អាមេរិក។ ការបន្តទទូចចង់ធ្វើបត្យាប័ន លោក Assange បង្ហាញឱ្យឃើញស្តែងៗនូវ សារជាតិលាក់ពុតរបស់រដ្ឋាអាមេរិកបានល្អ ជាងអ្វីដែលវែបសាយ WikiLeaks ទម្លាយឱ្យឃើញទៅទៀត»។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ តុលាការអង់គ្លេសបានសម្រេចបង្គាប់ជាផ្លូវការ ឱ្យធ្វើបត្យាប័នលោក Julian Assange ទៅកាន់សហរដ្ឋអាមេរិក ជាទីដែលរូបលោកប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើសេចក្តីសម្រេចនោះ ត្រូវបានរដ្ឋមន្រ្តីមហាផ្ទៃអង់គ្លេសចុះហត្ថលេខា៕
ប្រភព Reuter ដោយគីរីដងរែក