រដ្ឋាភិបាលចិនបានផ្តល់ជំនួយឥតសំណងប្រមាណ ៤លាន៤សែនដុល្លារអាមេរិក សម្រាប់ចូលរួមលុបបំបាត់គ្រាប់មីននៅប្រទេសកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់សម្តេចតេជោ ហ៊ុន សែន និងគណ:ប្រតិភូទៅកាន់សាធារណរដ្ឋប្រជាមានិតចិន បានចុះកិច្ចព្រៀមព្រៀងចំនួន ១២ ក្នុងនោះ ក៏ មានកិច្ចព្រមព្រៀងប្រគល់-ទទួលហិរញ្ញប្បទានឥតសំណង (ជំនួយថវិកាឥតសំណង ) សម្រាប់ គម្រោង “ជំនួយចិនសំរាប់លុបបំបាត់គ្រាប់មីននៅកម្ពុជា” មានថវិកាសរុបចំនួន ៤.៤០០.០០០ដុល្លារ អាមេរិក (៤លាន៤សែនដុល្លារ) ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រសកម្មភាព បោស សម្អាត មីនរបស់អង្គភាពស៊ីម៉ាក់ក្នុងឆ្នាំ២០២៣ នេះ។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់បានរំលឹកថា ចាប់ពីឆ្នាំ២០១៨ មក រដ្ឋាភិបាល ចិន បានផ្តល់ជំនួយចំនួន ២ លើកមករួចហើយដែលមានថវិកាចំនួន ១០ លានដុល្លារ ដែលលើកទី១ ២០១៨-២០១៩ ថវិកាចំនួន ២,៥លានដុល្លារ និងលើកទី២ ពីឆ្នាំ២០២០-២០២២ មានចំនួន៧,៥លានដុល្លារ។
បើតាមលោក ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បច្ចុប្បន្ននេះកម្ពុជានៅសល់ផ្ទៃដីមានគ្រាប់មីនចំនួន ៦៤៨ គីឡូម៉ែត្រក្រឡា ហើយគ្រោងបញ្ចប់នៅឆ្នាំ២០២៥ខាងមុខនេះ៕


ដោយគិរីដងរែក




