ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយនៅថ្ងៃចន្ទនេះថា កងកម្លាំងប្រដាប់អាវុធរបស់កោះនេះបានឃើញយន្តហោះចំនួន ៧១ គ្រឿង និងនាវាចំនួន ៧ គ្រឿងរបស់កងទ័ពរំដោះប្រជាជនចិន (PLA) ចូលមកជិតកោះតៃវ៉ាន់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យន្តហោះ ៧១ គ្រឿង និងនាវាចំនួន ៧ គ្រឿងរបស់កងទ័ពរំដោះប្រជាជនចិន ត្រូវបានរកឃើញនៅក្នុងតំបន់ជុំវិញរបស់តៃវ៉ាន់នៅម៉ោង ៦ ព្រឹកថ្ងៃនេះ ។ ក្នុងចំណោមយន្តហោះទាំង ៧១ គ្រឿង មាន ៤៧ គ្រឿងបានហោះឆ្លងកាត់ខ្សែបន្ទាត់មធ្យមនៃច្រកសមុទ្រតៃវ៉ាន់ ហើយបានហោះចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសនៃសាធារណរដ្ឋចិន ដែលស្ថិតនៅភាគនិរតីរបស់តៃវ៉ាន់” ។
យោងតាមក្រសួងបានឲ្យដឹងទៀតថា ពាក់ព័ន្ធនឹងបញ្ហានេះដែរ តៃវ៉ាន់ក៏បានបញ្ជូនយន្តហោះចម្បាំងនាវាកងទ័ពជើងទឹក និង ប្រព័ន្ធមីស៊ីលបាញ់ នៅលើដីដើម្បីឆ្លើយតបនឹងសកម្មភាពរបស់ចិនផងដែរ ។
ភាពតានតឹងជុំវិញកោះតៃវ៉ាន់បានកើនឡើង បន្ទាប់ពីប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានទៅទស្សនកិច្ចកោះនេះកាលពីដើមខែសីហា ។ ប្រទេសចិនបានថ្កោលទោសដំណើររបស់លោកស្រី Pelosi និងបានចាត់ទុកសកម្មភាពនេះថា ជាកាយវិការនៃការគាំទ្រចំពោះការបំបែកខ្លួន ហើយបានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំនៅតំបន់ជុំវិញកោះនេះ ។
ប្រទេសជាច្រើន រួមទាំងបារាំង លីទុយអានី សហរដ្ឋអាមេរិក ជប៉ុន និងអាល្លឺម៉ង់ ថ្មីៗនេះបានបញ្ជូនគណៈប្រតិភូរបស់ពួកគេទៅកាន់កោះនេះ ដែលចាប់តាំងពីពេលនោះមក ធ្វើឲ្យស្ថានការណ៍កាន់តែក្ដៅឡើងៗនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ។
តៃវ៉ាន់ត្រូវបានគ្រប់គ្រងដោយឯករាជ្យពីចិនដីគោកតាំងពីឆ្នាំ ១៩៤៩ មក ប៉ុន្តែទីក្រុងប៉េកាំងនៅតែចាត់ទុកកោះនេះថាជាខេត្តរបស់ខ្លួន ខណៈតៃវ៉ាន់ដែលជាទឹកដីមានរដ្ឋាភិបាលជាប់ឆ្នោតស្របច្បាប់ បានរក្សាខ្លួនជាប្រទេសស្វយ័ត ប៉ុន្តែនឹងលែងប្រកាសឯករាជ្យ ។ ទោះយ៉ាងណា ទីក្រុងប៉េកាំងប្រឆាំងរាល់ទំនាក់ទំនងផ្លូវការរបស់រដ្ឋបរទេសជាមួយទីក្រុងតៃប៉ិ ហើយចាត់ទុកអធិបតេយ្យភាពរបស់ចិនលើកោះនេះមិនអាចប្រកែកបាន ៕



ប្រភព AP News ប្រែសម្រួលដោយគីរីដងរែក




