28.8 C
Phnom Penh
Thursday, March 5, 2026
- Advertisement -spot_img

ចិនដណ្តើមយកវត្ថុម្យ៉ាងពីយោធាហ្វីលីពីនដែលខ្លួនស្រង់បាន នៅដែនទឹកសមុទ្រចិនខាងត្បូង

- Advertisement -spot_img

(ម៉ានីល)៖ មេបញ្ជាការយោធាហ្វីលីពីន បាននិយាយថា កប៉ាល់ឆ្មាំឆ្នេរសមុទ្រចិន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍ «បានទាញយកដោយបង្ខំ» នូវវត្ថុអណ្តែតទឹកដែលត្រូវបានអូសដោយកប៉ាល់ហ្វីលីពីន នៅឯសមុទ្រចិនខាងត្បូង ដោយការកាត់ខ្សែចងភ្ជាប់ទៅនឹងទូករបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

ឧត្តមនាវីឯក លោក អាល់បឺតូ ខាឡូស (Alberto Carlos) មេបញ្ជាការកងទីបញ្ជាការខាងលិច WESCOM បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា អាជ្ញាធរកងទ័ពជើងទឹកហ្វីលីពីន បានបញ្ជូននាវាមួយគ្រឿងទៅពិនិត្យវត្ថុដែលអណ្តែតលើទឹក បន្ទាប់ពីវាត្រូវបានគេប្រទះឃើញកាលពីព្រឹកថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) ចម្ងាយប្រហែល៧៣០ម៉ែត្រ ខាងលិចកោះធីទូ (Thitu)។ ហើយបន្ទាប់មក ក្រុមការងារបានចងវត្ថុនោះទៅនឹងទូករបស់ពួកគេ រួចចាប់ផ្តើមអូសវា មុនពេលនាវាឆ្មាំសមុទ្រចិនចូលមកជិត ហើយបានរារាំងផ្លូវរបស់ពួកគេពីរដង មុនពេលដាក់ពង្រាយទូកមកកាត់ខ្សែសណ្តោងរបស់កងកម្លាំងហ្វីលីពីន បន្ទាប់មកយកវត្ថុនោះត្រឡប់ទៅកប៉ាល់ឆ្មាំសមុទ្រចិនវិញ។

យ៉ាងនេះក្តីសេចក្តីថ្លែងការណ៍ខាងលើ មិនបានបញ្ជាក់ ថាតើវត្ថុនោះជាអ្វី ឬថាតើនាវាឆ្មាំសមុទ្រចិន បានបញ្ជាក់ពីមូលហេតុអ្វីបានយកវត្ថុនេះនោះទេ ខណៈស្ថានទូតចិនប្រចាំនៅហ្វីលីពីន មិនបានឆ្លើយតបចំពោះសំណើរសុំអត្ថាធិប្បាយឡើយ។

គួរបញ្ជាក់ថា ឧប្បតិ្តហេតុនេះ បានកើតឡើងចំពេលអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉េឡា ហារីស (Kamala Harris) បានទៅដល់ប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ សម្រាប់កិច្ចពិភាក្សាដើម្បីស្តារឡើងវិញនូវទំនាក់ទំនងជាមួយទីក្រុងម៉ានីល ដែលជាសម្ព័ន្ធមិត្តអាស៊ី ដែលជាចំណុចស្នូលនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីប្រឆាំងនឹងគោលនយោបាយកាន់តែខ្លាំងឡើងរបស់ចិន ចំពោះកោះតៃវ៉ាន់៕

ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img